(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង ដឹកនាំដោយលោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីពាណិជ្ជកម្មអាជ្ញាធរ និងសមត្ថកិច្ច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យរាល់មុខទំនិញ គ្រឿងភេជ្ជៈរបស់អាជីវករ ដើម្បីស្វែងរកសារធាតុគីមី ដែលអាជីវករដាក់តាំងលក់នៅក្នុងផ្សាភូមិថ្មីចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ការចុះត្រួតពិនិត្យទៅលើបន្លែ ផ្លែឈើ ត្រីសាច់ និងនំចំណី លោក ហ៊ុយ ភារម្យ បានបញ្ជាក់ថា ក្រមមន្ត្រីជំនាញ មិនបានរកឃើញនូវផលិតផលគ្រឿងភេជ្ជៈ ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ ព្រោះដោយសារ កាំងកុងត្រូលខេត្ត តែងតែបានធ្វើការត្រួតពិនិត្យជាប្រចាំ និងជាបន្តបន្ទាប់ ព្រមទាំងភាពទទួលខុសត្រូវខ្ពស់ និងមានការយល់ដឹងពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ។

លោក ហ៊ុយ ភារម្យ បានឲ្យដឹងបន្តថា សាខាកាំកុងត្រូល បានចុះចែកស្លាកសញ្ញាដល់អាជីវករ និងប្រជាពលរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយបន្ត ហើយធ្វើការពន្យល់ពីការហួសកាលបរិច្ឆេទផលិតរបស់ផលិតផល ដោយមិនត្រូវទិញទំនិញខូចគុណភាព យកទៅបរិភោគឡើយ។

ជាចុងក្រោយលោក ហ៊ុយ ភារម្យ បានធ្វើការអំពាវនាវ ឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណាដែលមានលក្ខណៈ អនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានកាលបរិច្ចេទផលិតត្រឹមត្រូវ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ចផងដែរ៕