(ភ្នំពេញ)៖ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ កិច្ចប្រជុំថា្នក់ដឹកនាំមួយ នៃបណ្តាញមន្ទីរពេទ្យ ប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានធ្វើឡើង ដើម្បីពិភាក្សាគ្នាស្តីពី «ការគ្រប់គ្រងជារដ្ឋបាល ផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ និងការរៀបចំគ្រប់គ្រង ជាសំណុំប៉ូល» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មកពីប្រទេសបារាំង, ឡាវ, វៀតណាម និងកម្ពុជា។

លោកស្រី ស៊ីលវីយ៉ា ប្រឺតុង អគ្គនាយករង នៃបណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យ ក្រុងម៉ាក់សី ប្រទេសបារាំង បានបង្ហាញនូវមោទនភាព ដែលបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាញប្រទេស ប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្ពុជាធ្វើជាអគ្គលេខាធិការ។

លោកស្រីគូសបញ្ជាក់ថា «ការធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រ ដល់បណ្តាញប្រទេស ប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍, ភាគីបារាំង ក៏បានសិក្សាស្វែងយល់ ដើម្បីបំពេញបន្ថែម នូវភាពកង្វះខាត របស់ខ្លួនផងដែរ។ ភាគីបារាំង បាននិងកំពុងសិក្សារកចំណុចណា ដែលអាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់បណ្តាញប្រទេស ប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍បន្ថែមទៀត»

នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសាស្រ្តាចារ្យ ឈាង រ៉ា ​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងសក្តិសិទ្ធភាព នៃការគ្រប់គ្រងមន្ទីរពេទ្យ, ធ្វើឲ្យ​បុគ្គលិកមានឆន្ទៈ ក្នុងការបំពេញការងារ ហើយក៏ដើម្បីពង្រឹងគុណភាព នៃការព្យាបាល ជូនទៅដល់អ្នកជំងឺផងដែរ។

លោក ឈាង រ៉ា បន្តថា បណ្តាញមន្ទីរពេទ្យប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាញមន្ទីរពេទ្យ នៅទីក្រុងម៉ាក់សី ប្រទេសបារាំង ​ចាប់តាំងពីឆ្នាំ២០១០ ហើយរហូតមកដល់ពេលនេះ បានបណ្តុះបណ្តាលធនធាន ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ ក្នុងបរិបទមួយ សមស្របទៅតាមបទដ្ឋាននៅក្នុងតំបន់។

សូមជម្រាបថា ក្រោយកិច្ចប្រជុំនេះ ភាគីទាំងពីរ បានចុះហត្ថលេខា លើអនុស្សារណៈមួយ មានរយៈពេល៣ឆ្នាំបន្ថែមទៀត ដើម្បីបន្តនូវកិច្ចសហប្រតិបត្តិការ សំដៅទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស ទាំងការអនុវត្ត ផ្នែកបច្ចេកទេស ការគ្រប់គ្រង ​ផ្នែកហិរញ្ញវត្ថុ និងការងារថែទាំអ្នកជំងឺ និងបច្ចេកទេសវិទ្យាសាស្ត្រផ្សេងៗទៀតផងដែរ។ កិច្ចសន្យានេះ ក៏ផ្តោតលើ​ការស្រាវជ្រាវ ស្តីពីការវិភាព នូវការវិវឌ្ឍបច្ចេកវិទ្យាទំនើបថ្មីៗទៀត និងការគ្រប់គ្រងផ្នែកមន្ទីរពេទ្យ៕