(ភ្នំពេញ)៖ លោក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនបាន ហើយត្រួតពិនិត្យរកឃើញ ឧបករណ៍សម្រាប់កាច់សោ និងកាំភ្លើងប៊ិចមួយដើម កាលពីវេលាម៉ោង១៖៣០នាទី រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អធិការខណ្ឌសែនសុខ បានបន្តថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សឿន សុធារិទ្ធ អាយុ៣២ឆ្នាំ មុខរបរចោរ ស្នាក់នៅតាមផ្លូវរថភ្លើងក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី២ ឈ្មោះ ឡាំ សឿង អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរចោរដូចគ្នា ស្នាក់តាមផ្លូវរថភ្លើងក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

លោកអធិការ ហួ ម៉េងវ៉ាង បានឲ្យដឹងទៀតថា ខណៈដែលកម្លាំងនគបាលប៉ុស្តិ៍របស់លោក កំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូឌុបគ្នា ហើយជនសង្ស័យគ្រាន់តែ ក្រឡេកឃើញកម្លាំងនគរបាល បែរជាបើករត់គេច។ ពេលនោះកម្លាំងនគរបាលបានដេញឃាត់ត្រួតពិនិត្យឃើញមានឧបករណ៍សម្រាប់កាច់សោ និងកាំភ្លើងប៊ិចមួយដើម គ្រាប់១គ្រាប់។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕