(ព្រៃវែង)៖ មន្ត្រីនគរបាលយុត្តិធម៌ មកពីអធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំនួន១២៦រូប ត្រូវបាននាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញធ្វើពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សានាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលាស្រុកកញ្ច្រៀច។

ក្រៅពីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងពីរស្រុកខាងលើ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសំណេះណាលជាមួយមន្ត្រីនគរបាល មន្ត្រីអាជ្ញាសមត្ថកិច្ចពាក់ព័ន្ធ ទាំងពីរស្រុកខាងលើនេះផងដែរ។

ក្នុងនោះលោក ក៏បានធ្វើការឧបត្ថម្ភដល់គ្រូបង្គោលចំនួន៣រូបនូវថវិកាចំនួន៥០ម៉ឺនរៀលក្នុងម្នាក់ៗ រួមទាំងប្រគល់កុំព្យូទ័រចំនួន៣កំប្លេរ ដល់អធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច ស្រុកស្វាយអន្ទរ និងសាលាស្រុកកញ្ច្រៀចផងដែរ។

ក្រៅពីនេះក៏បានប្រគល់ជូននូវសម្ភារសំរាប់បំរើឲ្យការងារជំនាញរបស់នគរបាលយុត្តិធម៌ សៀវភៅគ្រឿងញៀន សៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌដើម្បីយកទៅប្រើប្រាស់ និងសិក្សាស្វែងយល់ពីនីតិវិធី ក្រមព្រហ្មទណ្ឌ និងជំនាញបន្ថែម។

ឆ្លៀតនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងរៀបចំបាយសាមគ្គី ជូនដល់មន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរទាំងពីរស្រុកខាងលើ ពិសា ខណៈដែលពួកគាត់បានខិតខំការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិនាពេលកន្លងមកថ្មីៗនេះ៕