(កណ្ដាល)៖ នៅចំពោះមុខ​​អតីតយុទ្ធជន ត្រូវទទួលបានមេដាយការពារជាតិ​ចំនួន​៣២៣នាក់ មកពីបណ្តាឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ​ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន បាន​ប្រឹងប្រែងបំពេញ​ការងារដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ​រួមចំណែកយ៉ាងសំខាន់​ដល់ការពង្រឹងពង្រីក តួនាទីរបស់អតីតយុទ្ធជន ​កែលំអជីវភាព​ ការបង្កើនស្មារតីជួយគ្នា​ទៅវិញទៅមក នៅពេលសមាជិកណាម្នាក់ពេលជួបគ្រោះថ្នាក់ មានទុក្ខលំបាក ឬ​ទទួល​មរណភាព​ជាដើម។

​អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា រយៈពេលជិត៣ឆ្នាំនេះ ​សមាគម​សម្រេចបានលទ្ធផល គួរកត់សំគាល់​ជាអាទិ៍ ការបើកផ្តល់​ប្រាក់មរណសង្រ្គោះ​បានទាន់ពេលវេលា ដែលពីមុនមានការយឺតយ៉ាវ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកទាំងអស់​​តាម ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស នៅទីនេះ ជាលើកទី២ហើយដែលលោកបានមកជួបអតីតយុទ្ធជន ហើយបាន​គិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនលំបាកខ្វះខាត, ការត្រៀមបែងចែកផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដើម្បីបានអាស្រ័យផល។

ដោយឡែកសមាគមអតីតយុទ្ធជនខេត្តកណ្តាល ត្រូវចុះពិនិត្យជាក់ស្តែងចំពោះសមាជិកណាដែលគ្មានដី គ្មានផ្ទះ បើពួកគាត់​ព្រមទៅនៅក្រចេះ ឬឧត្តរមានជ័យ គឺផ្ដល់ជូនភ្លាម ហើយត្រូវពង្រឹងការគ្រប់គ្រងសមាជិក នៅមូលដ្ឋាន​ឃុំ ភូមិ តាមរយៈ​ការរៀបចំ​សៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់។
ទោះជាយ៉ាងណាក្តី នាយឧត្តមសេនីយ គន់ គីម បានក្រើនរំលឹក ដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួបសមាជិក​តាមក្រុម តាមគ្រួសារ​ ហើយត្រូវសហការ ផ្តល់អាទិភាព​ជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗ ឲ្យទទួលបាននូវសេវាសាធារណៈ​នានា​ដូចជា ការទទួលបាន​នូវជំនួយសង្រ្គោះបន្ទាន់, ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និង​ការចូលរួមសកម្មភាពសង្គម ផ្សេង​ៗ​ជាដើម​។

ជាមួយគ្នានេះ លោក គីម រឹទ្ធី អភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ ​សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ដែលក្នុងមួយជីវិតបានលះបង់ដើម្បីជាតិ មាតុភូមិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ។

លោក លឹម អេង យោធិននិវត្តន៍​មានទីលំនៅភូមិ​ព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ដែលមក​ចូលរួមក្នុងពិធីនេះ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់ពួកគាត់ ដូចជាតម្លើងប្រាក់ខែ និងពេលនេះបានផ្តល់មេដាយជូន​ទៀត ដែលពួកគាត់គ្មានថ្ងៃបំភ្លេចគុណសម្តេចឡើយ ​និងប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីគាំទ្រ​សម្តេចតេជោ បន្តដឹកនាំប្រទេសតទៅទៀត៕