(ភ្នំពេញ)៖ សំណុំរឿងជនជាតិចិនប្រុសស្រី​២នាក់ និងបុរសខ្មែរម្នាក់ ពាក់ព័ន្ធករណី​ជួញដូរគ្រឿងញៀន នៅក្នុងកាស៊ីណូ ត្រូវបានតុលាការ លើកយកមកជំនុំម្រះនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដែលសវនាការ​មានលោក ថាន់ ឡេង ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ខៀវ ផល្លា ជាតំណាងអយ្យការ។

ក្នុងអង្គសវនការ តំណាងអយ្យការ​លោក ខៀវ ផល្លា បានចោទប្រកាន់លើជនជាប់ចោទ ទី១ឈ្មោះ ផាន់ វ៉ាន់គី ហៅ​ឡុង ហៅ​កឺកឺ ភេទប្រុស អាយុ​៤៧ឆ្នាំ ជនជាតិចិន (ធ្លាប់ត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត រឿងជួញដូរគ្រឿងញៀន), ទី២ឈ្មោះ វូ ហ័រចិន ហៅ​ស៊ី ម៉ីង ភេទស្រី អាយុ​៣៧ឆ្នាំ ជនជាតិចិន និងទី៣ឈ្មោះ នុត កែវរចនា ភេទប្រុស អាយុ​៣១ឆ្នាំ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៧​នៅរាជធានីភ្នំពេញ យោងតាមមាត្រា​៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទ ជាជនជាតិចិនទាំង​២នាក់ខាងលើ បានច្រានចោល បទចោទប្រកាន់របស់តុលាការ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តនោះទេ។ ចំណែកជនជាប់ចោទ ឈ្មោះ នុត កែវរចនា បានឆ្លើយថា រូបគេ គឺជាភ្នាក់ងាររបស់សមត្ថកិច្ច ការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលមាន រហ័សនាម A572។

ជនជាប់ចោទរូបនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ខ្លួនបានទៅទទួលគ្រឿងញៀនមួយ ប្រអប់បិទជិត ពីជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី ហៅ​ឡុង ហៅ​កឺកឺ នៅចំណុច​កាស៊ីណូណាហ្គាវើល តាមការណាត់របស់​ឈ្មោះ កឺកឺ។ ក្រោយទទួលបាន គ្រឿងញៀនរួច​រូបគេបាន​រាយការណ៍ទៅ សមត្ថកិច្ចជំនាញ​ឲ្យដឹងដើម្បីចាប់ខ្លួន ជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី ហៅ ឡុង ហៅ កឺកឺ និងបក្ខពួក រហូត​សមត្ថកិច្ច​ចាប់បាន​ជនជាប់ចោទ ជាជនជាតិចិនទាំង ២នាក់ រួមនឹងវត្ថុតាងមួយចំនួន​បន្ថែមទៀតផងដែរ។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការបានសម្រេច លើកពេលទៅប្រកាសសាលក្រមនៅ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕