(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញអំពីមូលហេតុដែលនាំឲ្យ​សេវា​កែតម្រូវអត្រានុកូលដ្ឋាន មានការយឺតយ៉ាវ និង​មិនអាច​សម្រេចបានតាម​ការកំណត់។

ការបញ្ជាក់អំពីមូលហេតុនេះ បានធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការស្រាវជ្រាវអស់រយៈពេល៤ខែ តាមពាក្យបណ្តឹងមួយចំនួនដែលបានដាក់ចូល ACU ដោយបានរៀបរាប់ថា ការកែរតម្រូវអត្រានុកូលដ្ឋាន របស់នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមានការយឺតយ៉ាវ និងមិនទាន់ចិត្តនៃអ្នកស្នើសុំ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់​អង្គភាពប្រឆាំងអំពើពុករលួយ ដែលសារព័ត៌មានFresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឫសគល់ដែលនាំឲ្យ​សេវាកែតម្រូវអត្រានុកូលដ្ឋានមានការយឺតយ៉ាវ និង​មិនអាចសម្រេចបាន តាមការកំណត់នោះគឺអាស្រ័យទៅលើ​កត្តា២ ចំនុចរួមមានដូចជា៖
កត្តាទី១៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទើបបានបញ្ចប់ការពិភាក្សាគ្នាហើយ ទើបដាក់ចេញការព្រមព្រៀង អនុញ្ញាតឲ្យនាយកដ្ឋាន​អត្រានុកូលដ្ឋាន មានសិទ្ធិ​កែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលមុននេះការធ្វើបែបនេះ មានតែកន្លែងមួយគត់គឺតុលាការ។ បន្ទាប់ពីទទួលបានសិទ្ធិ​ និង​ភារកិច្ចនេះមក នាយកដ្ឋានអត្រានុកូលដ្ឋានប្រឹងប្រែងជំនះការលំបាកអំពីមូលដ្ឋានសម្ភារៈ និង​ការងារដ៏ស្មុគស្មាញតែជាសត្យានុម័ត នាយកដ្ឋានមិនអាចរែកពន់បានទេ ព្រោះថាការកំណត់មិនឲ្យ​លើសពី១០ថ្ងៃ ហើយនាយកដ្ឋានចាប់ដំណើរការកាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៧មក ក៏មាននូវសំណើរជាច្រើនរួចជាស្រេច ដែលនាយកដ្ឋាន បានទទួលតាំងតែពីមុនថ្ងៃនោះមក។ ចំនួនការងារដ៏លើសលប់ ពេលវេលាត្រៀមខ្លួនរៀបចំ មូលដ្ឋានសម្ភារៈមិនគ្រប់គ្រាន់ ធនធានមនុស្ស ថវិកា មិនទាន់បានបំពេញបន្ថែម ធ្វើឲ្យ​សំណូមពរមួយចំនួនប៉ុណ្ណោះ ដែលអាចដោះស្រាយបានឆាប់ក្នុង​រង្វង់១០​ថ្ងៃ ។

កត្តាទី២៖ ការកែតម្រូវទិន្នន័យ នាយកដ្ឋានអត្រានុកូលដ្ឋាន ត្រូវតែគោរព១០០% នូវភាពម៉ត់ចត់ ក្នុងការ​កែទិន្នន័យ អ្វីកែរបាន អ្វីកែមិនបាន បើមិនដូចច្នោះទេ​អាចមានផលវិបាកគតិយុត្ត ហើយ​ជះឥទ្ធិពលដល់​ការ អនុវត្តច្បាប់ថែមទៀត។

លើសពីនេះទៀតនោះ អ.ប.ព (ACU) ក៏បានបញ្ជាក់ទៀតថា គ្រប់មន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង​នាយកដ្ឋានអត្រានុកូលដ្ឋាន បានខិតខំបំពេញសេវាដ៏ស្មុគស្មាញនេះយ៉ាងសកម្មណាស់ ហើយ អ.ប.ព ​ក៏បានសំណូមពរដល់ម្ចាស់ពាក្យ​បណ្តឹង និងសាធារណជនទាំងអស់ យោគយល់ដល់ការលំបាកមួយនេះផង៕