(ភ្នំពេញ)៖ កំពងផែទឹកជ្រៅ ដែលអាចអនុញ្ញាឲ្យនាវាសមុទ្រធុនធំផ្ទុកទំនិញពី១ម៉ឺនតោន ដល់៣ម៉ឺនតោន អាចចូលចត​ផ្ទេរ និងផ្ទុកទំនិញបាន នឹងបង្ហាញរូបរាងឡើងនៅខេត្តកំពត ដែលសាងសង់ដោយក្រុមហ៊ុន ទ្រី ភាព គ្រុប និងក្រុមហ៊ុន កំពង់ផែអន្ដរជាតិនៃខេត្តគ័ងស៊ី។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ទ្រី ភាព គ្រុប របស់លោកឧកញ៉ា ទ្រី ភាព បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយក្រុមហ៊ុនកំពង់ផែអន្ដរជាតិ នៃខេត្តគ័ងស៊ី ប្រទេសចិន ស្ដីពីការសាងសង់កំពង់ផែមួយនេះ។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា ការសាងសង់កំពង់ផែនេះ នឹងផ្ដល់ប្រយោជន៍ធំណាស់ដល់ប្រទេសកម្ពុជា ហើយ​ដំណាក់កាលដំបូង ក្រុមហ៊ុនទាំង២ នឹងសិក្សាសាងសង់កំពង់ផែទឹកជ្រៅ១ ដែលនឹងផ្ដល់ការងារចំនួន៥០០កន្លែង នៅដំណាក់កាល់ចាប់ផ្ដើម ដែលចំនួននេះនឹងកើនដល់១,៥០០កន្លែង ក្នុងរយៈពេល៣ឆ្នាំបន្ទាប់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានណែនាំឲ្យក្រុមហ៊ុនទាំង២ ត្រូវរៀបចំផែនការមេឲ្យបានច្បាស់លាស់ ស្ដីពីការអនុវត្តគម្រោងនេះ ដើម្បីបំពេញការងារដ៏ធំមួយនេះ បានសម្រេចជោគជ័យ ហើយលោកស្រីជឿជាក់ថា ក្រុមហ៊ុនទាំង២ នឹងអនុវត្តការងារនេះបានយ៉ាងល្អប្រសើរ ដើម្បីផលប្រយោជន៍សម្រាប់​ប្រទេសកម្ពុជា-ចិន។

ពាក់ព័ន្ធនឹងការចូលរួមអភិវឌ្ឍន៍កំពង់ផែ នៅខេត្តកំពត សម្តេចតេជោ ហ៊ុន សែន បានគត់សម្គាល់ថា កំពង់ផែនេះ គឺមានសារៈសំខាន់ណាស់ ហើយអាចជារបៀងមួយទៀត ស្របតាមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។

របៀងនេះមានន័យថា នៅពេលខាងមុខនេះ នឹងមានការពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញទៅកាន់ខេត្តកំពត ហើយផ្លូវនេះនឹងធ្វើឲ្យរយៈពេលនៃការធ្វើដំណើរ ពីខេត្តកំពតមកកាន់ទីក្រុងភ្នំពេញ មានរយៈពេលខ្លី ហើយនៅតាមបណ្តោយនៃដងផ្លូវនេះ ក៏នឹងមានរោងចក្រ មានវារីអគ្គីសនីផងដែរ ដែលអាចធ្វើជារបៀងសេដ្ឋកិច្ចមួយផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ទ្រី ភាព គ្រុប តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនប៉ាប៉ាភេត្រូលៀម ទើបបានបញ្ចប់ទាំងស្រុងការសាងសង់សន្និធិស្ដុកប្រេងរបស់ខ្លួន ដែលមានពោងប្រេងចំនួន១០ នៅក្នុងខេត្តកំពតផងដែរ និងបានដាក់ឲ្យដំណើរការដោយជោគជ័យ កាលពីដើមខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ៕