(បន្ទាយមានជ័យ)​៖​ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ បានជំរុញឲ្យមន្ត្រី​នគរបាលទូទាំងខេត្ត ត្រូវតែពង្រឹង​សមត្ថភាពការងារ​របស់ខ្លួនបន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀប​រយជូនប្រជាពលរដ្ឋ និងចូល​រួមដោះស្រាយបញ្ហា​ប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងបែបនេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីជួបជុំគោរ​ពទង់ជាតិនៃកម្ពុជា របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ហើយនៅ​ក្នុង​ឪកាស​នោះដែរ លោកក៏បានដាក់វិន័យដល់កងកម្លាំងនគរបាលក្រោមបង្គាប់ ដែលមិនគោរពវិន័យកងកម្លាំងនគរបាលជាតិ ថែមទាំងបានបញ្ជាឲ្យការិយាល័យបុគ្គលិកត្រួតពិនិត្យ មុខសញ្ញាកម្លាំងនគរបាលដែលដើរហើរដោយសេរី មិនចូលខ្លួនបម្រើការងារក្នុងអង្គភាព ដើម្បីមានវិធានការអនុវត្តតាមនីតិវិធី នៃបទបញ្ជាផ្ទៃក្នុងរបស់កម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា កម្លាំងនគរបាលជាតិមានតួនាទីភារកិច្ចក្នុងកិច្ចការងារ ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព និងបម្រើការងារ ផ្តល់សេវារដ្ឋបាល​ជំនាញមួយចំនួនទៀត​ជូនដល់ប្រជាពលរដ្ឋ ក្នុង​នោះដែរបើសិនជាកងកម្លាំងអសកម្ម ក្នុង​ការងារនោះវាអាចបង្កឲ្យមានផលប៉ះ​ពាល់ដល់​កិច្ចដំណើរ​ការងារស្នូល​របស់អង្គភាព និងការងារសន្តិសុខជាតិផងដែរ។​

លោកក៏បានបញ្ជាក់ទៀតថា គ្រប់កងកម្លាំងនគរបាលទាំងអស់ត្រូវតែមានមុខគ្រប់ៗគ្នា ដើម្បីត្រៀម​កម្លាំងការពារសន្តិសុខ​ សណ្តាប់ធ្នាប់ ក្នុងឱកាសថ្ងៃ​បោះឆ្នោតសមាជិករដ្ឋសភា នីតិកាលទី៦ ដែលនឹងដំណើរការទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយធានាឲ្យបាននូវការបោះឆ្នោតប្រកដោយបរិយាកាសល្អមានភាពរលូន គ្មានអំពើហិង្សា។

​ជាចុងបញ្ចប់លោក ក៏បានកោតសរសើរដល់កងកម្លាំងនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដែលបានខិតខំបំពេញ​ការងារនៅថ្ងៃចូលឆ្នាំ​ប្រពៃណីខ្មែរកាល​ពីពេលថ្មីៗកន្លងទៅនេះ ដោយទទួល​បានលទ្ធផលមួយរយ​ភាគរយ ក្នុង​កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយមិនឃើញមានបទល្មើសអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕