(ស្ទឹងត្រែង)៖ ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា គាត់នឹងកៀរគប្រជាពលរដ្ឋ និងហ៊ានប្ដូរជីវិតប្រឆាំងនឹង ការធ្វើនយោបាយរបស់លោក សម រង្ស៊ី ដោយសារខឹងនឹងទណ្ឌិតរូបនេះលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ការប្រតិកម្មរបស់ពលរដ្ឋនៅខេត្តស្ទឹងត្រែង បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ជាអ្នករស់នៅ​ខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលលោក សម រង្ស៊ី លួចចុះកិច្ចព្រមព្រៀង ប្រគល់​ឱ្យជនជាតិភាគតិចវៀតណាម លោកបានអះអាងប្រាប់ បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកមានការឈឺចាប់ខ្លាំងណាស់ដែលដឹងថា លោក សម រង្ស៊ី ហ៊ានលួចចុះកិច្ចព្រមព្រៀងឱ្យទៅជនជាតិភាគតិចវៀតណាម។

លោកចាត់ទុកថា ការលួចចុះកិច្ចព្រមព្រៀងបែបនេះ គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជា ហើយស្នើឱ្យតុលាការ កាត់ទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ លោកបានថ្លែងថា៖ «​ខ្ញុំពីឆ្នាំ១៩៧៩ ខ្ញុំកាន់អាវុធការពារទឹកដី ហើយឥឡូវខ្ញុំមិនខ្លាចនឹងប្ដូរជីវិតប្រឆាំងទង្វើថោកទាបបែបនេះទេ ខ្ញុំអត់ខ្លាចប្ដូរជីវិត​ [...] ខ្ញុំមិនគាំទ្រទង្វើក្បត់ជាតិ ទង្វើថោកទាប ខ្ញុំអត់គាំទ្រឲ្យមកប្រកួតប្រជែង ឲ្យធ្វើតំណាងរាស្ដ្រអីនោះទេ»​

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕