(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញឲ្យកម្មវិធីជាតិកំចាត់រោគរបេង ត្រូវបង្កើនការស្រាវជ្រាវរកករណីជំងឺរបេង ដល់ក្រុមដែលប្រឈមខ្ពស់ ដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព នៅឆ្នាំ២០៣០ខាងមុខ។

ថ្លែងក្នុងឱកាសបើកសន្និបាតការងារកំចាត់រោគជំងឺរបេងទូទាំងប្រទេសលើកទី២៣ នៅសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ លោករដ្ឋមន្រ្តី បានលើកឡើងថា កម្មវិធីជាតិកំចាត់រោគរបេង ត្រូវធ្វើការចុះស្រាវជ្រាវរកករណីរបេងថ្មី នៅតាមទីតាំងដែលមានមនុស្សរស់នៅកកកុញច្រើនដូចជា ពន្ធនាគារ វត្តអារាម អ្នកជំងឺអេដស៍ អ្នកជំងឺទឹកនោមផ្អែម ដល់មនុស្សវ័យចំណាស់ និងកុមារជាដើម ដើម្បីដាក់ការព្យាបាលឲ្យបានទាន់ពេលវេលា។

លោកសាស្រ្ដចារ្យបន្ដថា «ឥឡូវនេះ យើងមានរូបមន្ដព្យាបាលជំងឺរបេងថ្មី ដែលព្យាបាលត្រឹមតែ៩ខែតែប៉ុណ្ណោះ នឹងជាសះស្បើយ ដែលកាលពីមុន រហូតដល់ទៅ ២៤ខែឯណោះ (២ឆ្នាំ)។ ដូច្នេះយើងត្រូវខិតខំរួមគ្នា ពង្រីកសេវារបស់យើងទៅតាមមូលដ្ឋាន ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីព្យាបាលប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។ លើសពីនោះ លោកសាស្រ្ដចារ្យ បានណែនាំឲ្យវិស័យឯកជន ត្រូវសហការជាមួយកម្មវិធីជាតិ នៅពេលមានអ្នកជំងឺរបេង ទៅរកសេវាត្រូវណែនាំឲ្យគាត់ទៅរកការព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ព្រោះថាការព្យាបាលជំងឺរបេង គឺមិនបង់ថ្លៃទេ ទាំងការធ្វើរោគវិនិច្ឆ័យ និងការផ្តល់ឱសថព្យាបាល ហើយមិនត្រូវធ្វើការព្យាបាលដោយខ្លួនឯងឡើយ»

ព្រមជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានជំរុញឲ្យមន្ទីរពេទ្យគន្ធបុប្ផា ត្រូវរាយការណ៍ មកកម្មវិធីជាតិកំចាត់រោគរបេង នៅពេលរកឃើញកុមារណាម្នាក់ មានផ្ទុកជំងឺរបេង ដើម្បីឲ្យកម្មវិធីជាតិចុះស្រាវជ្រាវ ដល់អាណាព្យាបាល ឬឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេបន្តទៀត។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេងនិងហង់សិន បានគាំទ្រចំពោះអនុសាសន៍រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ព្រោះជាយុទ្ធសាស្ត្រមួយ ដែលអាចជួយកាត់បន្ថយអត្រាអាំងស៊ីដង់ របស់អ្នកជំងឺរបេងឲ្យបាន៤% និងអត្រាស្លាប់ឲ្យបាន៥% ឆ្នាំ២០២០ខាងមុខនេះ។

លោកបានបន្តថា កម្មវិធីជាតិនឹងបង្កើនការស្រាវជ្រាវ តាមបែបសកម្ម និងពាក់កណ្តាលសកម្ម តាមរយៈការបញ្ជួនរថយន្តចល័ត និងបុគ្គលិកដោយបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ថតឆ្លុះ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង នៅតាមវត្តអារាម និងតាមសហគមន៍នានា តាមទីជនបទ ដើម្បីស្វែងរកករណីជំងឺរបេងថ្មី ឲ្យបានច្រើនថែមទៀត និងដាក់ព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។

តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ កម្មវិធីជាតិបានស្រាវជ្រាវរកករណីជំងឺរបេង បានចំនួនជាង៣ម៉ឺន៤ពាន់ករណី ហើយតាមផែនការនៅឆ្នាំ២០១៨នេះ គ្រោងនឹងស្រាវជ្រាវករណីជំងឺរបេងឲ្យបានជាង៤ម៉ឺននាក់៕