(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងដល់រាល់ពាណិជ្ជករទាំងអស់ ដែលនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិក នាពេលកន្លងមកហើយ បានបង់ពន្ធរួចមកហើយចាប់ពីខែមករាមក អាចធ្វើការស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញបាន បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងដាក់ឲ្យចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា លោកប្រធានាធីបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្មពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ដំណាច់ខែធ្នូ២០២០។

ការសម្រេចនេះ អាចឲ្យរាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator (SPI) កូដ អាចទទួលប្រាក់ពន្ធដែលបានបង់រួចហើយត្រឡប់មកវិញដោយស្វ័យប្រវត្តិ។ ដោយឡែងអ្នកនាំផលិតផលទៅអាមេរិកដែលមិនប្រើ SPI កូដអាចស្នើសុំប្រាក់ពន្ធមកវិញ បានដោយត្រូវដាក់ពាក្យស្នើសុំដោយខ្លួនឯង តាមរយៈគេហទំព័រនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕