(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាល សួរសុខទុក្ខ​ប្រជាពលរដ្ឋ និងទទួលយកសំណើរ សំណូមពររបស់ពួកគាត់មកដោះស្រាយបានទាន់ពេលវេលា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងថ្នាក់ដឹកនាំមូលដ្ឋាន ក៏បានបន្ដចុះទៅពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង​៥០០ម៉ែត្រ នៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។

លោក នុត ពុធដារ៉ា បាន​ផ្តាំផ្ញើ​ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសជាតិ ក្រោមដំបូលសន្តិភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយផ្លូវបេតុងថ្មី០១ខ្សែ ដែល​ស្ថាបនា​នាពេលខាងមុខនេះ នឹងជួយសម្រួលដល់ការលំបាក ក្នុងការធ្វើដំណើររបស់​ប្រជាពលរ​ដ្ឋក្នុងមូលដ្ឋាន៕