(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ហៅកាត់ថា (ស៊ីកុក) នឹងចូលរួមជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើការអប់រំ ផ្សព្វផ្សាយ ត្រួតពិនិត្យ ស៊ើបអង្កេត តាមដាន វាយតម្លៃ គ្រប់សកម្មភាព នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅគ្រប់ទូទាំង២៥រាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសម្របសម្រួលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ។

គណៈកម្មាធិការសម្របសម្រួលកម្ពុជា បានឱ្យដឹងថា (ស៊ីកុក) ធ្លាប់បានចូលរួម អប់រំ ផ្សព្វផ្សាយ ត្រួតពិនិត្យ ស៊ើបអង្កេត តាមដាន វាយតម្លៃ ហើយក៏បានចេញនូវសេចក្តីថ្លែងការណ៍ទូទាំងរាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣។

គណៈកម្មាធិការសម្របសម្រួលកម្ពុជា ធ្លាប់បានចូលរួមរៀបចំចងក្រងជាអង្គការ សមាគម ដែលជាសមាជិកសម្រាប់រៀបចំកម្មវិធីរាប់បាតបួងសួង សុំសន្តិភាព មហាសន្និបាតសន្និសីទកាសែត ចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយទៅសហគមន៍ជាតិ និងអន្តរជាតិ នឹងការបញ្ចប់សង្គ្រាម ប្រកបដោយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានអង្គការ សមាគមជាច្រើនទូទាំងប្រទេសកម្ពុជា និងអភិវឌ្ឍប្រទេសជាតិគ្រប់យន្តការរបស់រដ្ឋគ្រប់វិស័យ។

ជាមួយគ្នានេះ (ស៊ីកុក) បានជំរុញឱ្យគ្រប់ភាគីទាំងអស់ត្រូវតែបញ្ចប់សង្គ្រាមកាប់សម្លាប់យ៉ាងរង្គាលដ៏សាហាវយង់ឃ្នង ហើយប្តូរយកសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកសាងប្រទេសជាតិពិចំណុចសូន្យឡើងវិញ និងការងារក្នុងសង្គមជាច្រើនទៀត។

ដូច្នេះហើយ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ចាប់ពីពេលនេះតទៅ នឹងឆ្ពោះពិនិត្យមើលទៅលើសក្តានុពលរបស់មណ្ឌល គ.ជ.ប ដែលបានរៀបចំទូទាំង២៥រាជធានី-ខេត្ត ដោយមានកម្លាំងជាមាជិកចូលរួមត្រួតពិនិត្យ ស៊ើបអង្កេត តាមដាន វាយតម្លៃ មានចំនួនប្រមាណ២០០០នាក់ផងដែរ៕