(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សាសនារបស់ប្រទេសនីមួយៗ នៅលើពិភពលោក ពិតជាបានចូលរួមអភិវឌ្ឍប្រទេសជាតិរបស់គេ និងមានតម្លៃធំធេងណាស់ មិនអាចខ្វះបានឡើយ ដូចជានៅប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងបានចាត់ទុកវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ការថ្លែងបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យកាត់ឫសសីមាខណ្ឌសីមាវត្តទ្រា ស្ថិតនៅភូមិស្នាយគ្រាង ឃុំធ្នក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណ និងការសរសើរចំពោះមន្ត្រី ក្រុមការងារចុះពង្រឹងមូលដ្ឋាន រួមជាមួយសប្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង និងពុទ្ធិបរិស័ទ្ធជិតឆ្ងាយ ដែលបានបរិច្ចាគថវិកា ដើម្បីរួមគ្នាកសាងទើបលេចចេញសមិទ្ធផលនាពេលនេះ ដើម្បីទុក្ខជាទីគោរពសក្ការៈបូជា នៃព្រះពុទ្ធសាសនា។

លោកស្រី ក៏បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនផងដែរ ដោយសារតែ ការរួមគ្នាកសាងរវាង វិស័យពុទ្ធិចក្រ និងអាណាចក្រ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា៕