(ត្បូងឃ្មុំ)៖ សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី​ផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណបក្សខេត្តត្បូងឃ្មុំ នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។​

សម្តេច ហេង សំរិន បានលើកផែនការពិភាក្សា ជូនសមាជិកសមាជិកា ដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់​ទៅតាមផែនការមាន ការងារជាយុទ្ធសាស្ត្ររបស់គណបក្ស, ការប្តេជ្ញាចិត្ត និងការងារជាយុទ្ធសាស្ត្រ​ដែលត្រូវយកចិត្តទុកដាក់, ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត, ការងារមហាជន, ការងារឃោសនា, ការពង្រឹងកម្លាំងរបស់គណបក្សសម្រាប់ការបោះឆ្នោត, ពេលយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត​។​

ជាមួយគ្នានោះ សម្តេចពញាចក្រី ហេង សំរិន បានដាក់ចេញ​នូវគោលគំនិតជាវិជ្ជមាន មាន៣ចំណុច ដែលបានកំណត់ក្នុងផែនការ សំដៅបង្កើនប្រសិទ្ធភាពការងារមួយចំនួន រួមមាន៖

១៖ គណបក្សគ្រប់ថ្នាក់ត្រូវរៀបចំបង្កើតឲ្យមានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតនៅថ្នាក់ខ្លួន។ វិធានការនេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការទទួលខុសត្រូវ ដឹកនាំអនុវត្តការងារសំខាន់ៗដូចជា ការងារទាក់ទងនឹងផ្នែកច្បាប់ ប្រសិទ្ធភាពនៃការឃោសនា​, ឥទ្ធិពលនៃចលនាមហាជន ប្រជាជនក៏ដូចជាលទ្ធភាព នៃការដោះស្រាយថវិកា​បំពេញតម្រូវការផ្សេងៗ​។​

២៖ ចំពោះថ្នាក់ដឹកនាំគណបក្សថ្នាក់នីមួយៗ គប្បីទទួលជាអនុប្រធានប្រចាំការគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតថ្នាក់ខ្លួន​។ សំខាន់នោះគឺការដឹងមុនអំពី ឧបាយកលប៉ុនប៉ងធ្វើឲ្យរាំងស្ទះ ដ​ល់ការបោះឆ្នោតក៏ដូចជា ខ្លឹមសារបរិហារិះគន់របស់បក្សប្រឆាំង ឬ​ជនអគតិមកលើគណបក្សប្រជាជន​។​

៣៖ ស្មារតីសាមគ្គីភាពផ្ទៃក្នុង ពិតជាធានាបានល្អប្រសើរ យុទ្ធសាស្រ្តគណបក្សដែលបានបញ្ជាក់ថា «សមាជិកគណបក្ស​១​រូប គឺជាសន្លឹកឆ្នោត​១​សន្លឹក»។​

សម្តេចបញ្ជាក់ថា ជាមួយនឹងទិសដៅភារកិច្ច ត្រូវអនុវត្តន៍តាមផែនការនាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ នោះគឺការប្តេជ្ញាចិត្ត យុទ្ធសាស្រ្តរបស់គណបក្ស​ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ ដើម្បីទទួលបានជោគជ័យ​។​

ជាចុងក្រោយ សម្ដេចបានផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវបំពេញភារកិច្ចប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់​សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវជោគជ័យ សម្រាប់គណបក្សនាពេលបោះឆ្នោតខាងមុខ តាមការប្តេជ្ញា ជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា​៕​