(ភ្នំពេញ)៖ ប្រធានគណបក្សយុវជន បាន​បង្ហាញប្រតិកម្មខឹងសម្បារនឹង លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែលគ្រោងនឹងមានចំណាត់ការហៅ កីឡាករប្រដាល់ខ្មែរមកណែនាំ ជុំវិញការឌឺដងដាក់គ្នាទៅវិញទៅមករវាងអ្នកប្រដាល់កម្ពុជា និងថៃ បន្ទាប់ពីកីឡាករប្រដាល់ថៃម្នាក់ ចេញមុខប្រមាថ ហើយបបួលកីឡាករប្រដាល់ខ្មែរវ៉ៃជាមួយរូបគេ។

សម្រាប់លោក តែម ម៉ឺន, ការបោះពាក្យសំដីឌឺដង លើបណ្ដាញសង្គមហ្វេសប៊ុករបស់កីឡាករថៃ Saensatharn គឺជារឿងរបស់គេ តែបញ្ហាចំពោះមុខកីឡាករកម្ពុជា មិនគួរគប្បីទៅឆ្លងឆ្លើយចំពោះទង្វើមិនស័ក្តិសមជាអ្នកកីឡានេះឡើយ។ ហេតុនេះសហព័ន្ធនឹងប្រជុំពិភាក្សាជាមួយក្រុមគណៈកម្មការវិន័យ ដើម្បីកោះហៅកីឡាករកម្ពុជាមកណែនាំ។

ពាក់ព័ន្ធនឹងករណីនេះ លោក ពេជ្រ ស្រស់ បានបន្ទោស លោក តែម ម៉ឺន ថាមិនបានជួយលើកទឹកចិត្តដល់កីឡាករខ្មែរ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «មន្រ្តីខ្មែរមួយចំនួនតែងតែអសមត្ថភាពបែបនេះ គឺគ្មានមូលដ្ឋានក្នុងការវិនិឆ្ឆ័យរកហេតុ និងផលហើយតែងតែផ្គាប់ចិត្តចៅហ្វាយនាយរបស់ខ្លួន ទាំងកិត្តិយសជាតិសាសន៍របស់ខ្លួនឯងត្រូវបាន ពួកជនបរទេសបន្ថោកបន្ទាប ពួកមន្រ្តីមានចរិកបែបលេមលើមដូច្នេះ មិនគួរក្លាយជាមន្រ្តីជាតិសាសន៍ខ្មែរនោះឡើយ។ បើអារឿងណែនាំពីវិន័យរបស់កីឡាករគួរខាងប្រទេសថៃឯណោះវិញទេ ត្រូវណែនាំអាម្សៀស្អីឈ្មោះ ស្ថាននោះ ដោយសារអាម្សៀនោះ វាបានល្មើសវិន័យជាកីឡាករ មុនកីឡាករខ្មែរយើង»។

លោកបានបន្តយ៉ាងដូច្នេះទៀតថា «បើតាមខ្ញុំចាំសម្តីរបស់ លោក ហ៊ុន សែន ធ្លាប់ប្រកាសដាច់ខាត គឺមិនអត់ឱនឱ្យនរណាមកជាន់ឈ្លី ប្រទេសកម្ពុជាយើង បាននោះទេ ដូចជាកាលពីថៃវៃខ្មែរ នៅជាយដែនខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ។ ចុះហេតុអ្វីមន្រ្តីស្អីឈ្មោះ តែម ម៉ឺន នឹងដឹកនាំឲ្យតែកីឡាករខ្មែរ គោរពវិន័យកីឡាស្របពេល កីឡាករថៃបានល្មើសវិន័យកីឡាមកលើយើងនោះ បើតាមការពិតទៅ លោក តែម ម៉ឺន គួរទាក់ទងទៅសហព័ន្ឋកីឡាប្រទេសថៃឲ្យណែនាំអាម្សៀស្អីគេនោះទើបត្រូវ មិនមែនមកសំពងកីឡាករខ្មែរគ្នាឯងនោះទេ បើខ្ញុំជានាយករដ្ឋមន្រ្តីវិញលោក តែម ម៉ឺ​ន ត្រូវបានខ្ញុំដកចេញពីតំណែងយ៉ាងយូរបំផុត១០នាទី គឺដកចេញតែម្តង មិនទុកទេ មន្រ្តីគ្មានសាមគ្គីជាតិបែបនេះ។ គេវៃកូនឯងហើយឪពុកនឹងទៅវៃកូនខ្លួនឯងថែមទៀត ពិតជាគ្មានការវិនិឆ្ឆ័យមែន...»

សូមបញ្ជក់ថា នាថ្មីៗនេះ កីឡាករប្រដាល់ថៃម្នាក់ឈ្មោះ Saensatharn P.K.Saenchai បានបង្ហាញវីដេអូមួយ ដោយប្រមាថកីឡាករខ្មែរថាអន់ ហើយហៅកីឡាករខ្មែរ ក្នុងនោះក៏មានឈ្មោះ កែវ រំចង់ ផងដែរ ដើម្បីវ៉ៃជាមួយខ្លួន។ កីឡាករថៃដ៏ក្អេងក្អាងរូបនេះ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ពីអ្នកគាំទ្រកីឡាប្រដាល់ ប្រជាពលរដ្ឋកម្ពុជា ដោយចាត់ទុកថា មានចរិតឈ្លើយ ដែលមានទឹកចិត្តមិនសក្តិសម ជាអ្នកកីឡាប្រដាល់ទាល់តែសោះ។

ក្រោយមានការបបួលបែបនេះ កីឡាករកម្ពុជា ក៏បានចេញមុខ ហើយប្តេជ្ញាផ្តួលកីឡាករថៃ ឱ្យបានបើសិនជា មានការរៀបចំឱ្យប្រកួតនៅពេលខាងមុខ។ អ្នកចេញមុខសន្យាថា នឹងចេញទៅវ៉ៃជាមួយកីឡាករថៃនោះគឺ កីឡាករដែលល្បីល្បាញរបស់កម្ពុជា កែវ រំចង់។

សម្រាប់លោក ពេជ្រ ស្រស់, លោកក៏បានសន្យាលើកទឹកចិត្តដល់កីឡាករខ្មែរណា ដែលផ្តួលកីឡាប្រដាល់ថៃនេះបានដោយផ្តល់ថវិកា៥ពាន់ដុល្លារផងដែរ៕