(កណ្តាល)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនសារទៅកាន់អ្នកនយោបាយមួយចំ​នួនថា បើចង់ឱ្យប្រជាពលរដ្ឋស្រឡាញ់គាំទ្រ ត្រូវខិតខំធ្វើល្អ ខិតខំបម្រើ ប្រជាពលរដ្ឋ ប្រសើរជាជាងដើរនិយាយអាក្រក់ពីប្រទេសខ្លួនឯង ដើរស្រែកនៅក្រៅប្រទេស ឲ្យបរទេសឈប់គាំទ្រទិញផលិតផលខ្មែរ ការប៉ុនប៉ងធ្វើឱ្យប្រទេសចលាចល។

លោកបានបញ្ជាក់សាជាថ្មីថា «សម្រាប់គណបក្សប្រជាជន បានប្តេជ្ញាចិត្តខិតខំធ្វើអំពើល្អ ខិតខំបម្រើប្រជាពលរដ្ឋ ធ្វើឱ្យប្រជាជនរស់នៅបានសុខ មានជីវភាពធូរធា និងសប្បាយរីករាយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្ត និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស និងបម្រើប្រជាពលរដ្ឋ ជាបន្តទៅទៀត។ យើងខិតខំជួយគ្នាទៅវិញទៅមក និងរួមគ្នាធ្វើឱ្យកាន់តែល្អថែមទៀត»

សារនយោបាយខាងលើនេះ ខណៈលោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងវត្តព្រែកលួងស្ថិតក្នុង ភូមិព្រែកតាទេពឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅចំពោះពលរដ្ឋរាប់សិបនាក់ កូនប្រុសច្បងនាយករដ្ឋមន្រ្តី បានលើកឡើងថា ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលដែលប្រទេសមានសុខសន្តិភាព និងគូបផ្សំជាមួយការ អភិវឌ្ឍសមិទ្ធផលនានា ខុសពីកាល៣០ឆ្នាំមុន ដែលយើងកំពុងយំ យើងកំពុងរត់នៅក្នុងសង្គ្រាម។ ទាំងអស់នេះផ្ទុយពីការដើរនិយាយអាក្រក់ នៅក្រៅប្រទេសរបស់អ្នកនយោបាយមួយចំនួន ដែលដើរនិយាយថា ការដឹកនាំប្រទេសក្នុងរយៈពេល៣០ឆ្នាំមិនរីកចម្រើន ប្រជាជនវេទនា មិនសប្បាយរីករាយ ប៉ុន្តែបើគាត់ មកក្នុងប្រទេស គាត់នឹងឃើញការពិតថា ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ខិតខំជួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ធ្វើឱ្យប្រជាជនមានសេចក្តីសុខ មានជីវភាពកាន់តែធូធារ និងមានភាពសប្បាយរីករាយ។ ជាក់ស្តែងសមិទ្ធផលនៅក្នុងស្រុកខ្សាច់កណ្តាលនេះគឺមានច្រើនណាស់ ហើយសមិទ្ធផលទាំងនេះភាគច្រើនកសាងក្រោយឆ្នាំ១៩៧៩។

ពាក់ព័ន្ធវិស័យពុទ្ធសាសនាវិញ លោក ហ៊ុន ម៉ាណែត បានថ្លែងថា វត្តអារាមពិតជាដើរតួនាទីសំខាន់ណាស់ ចំពោះប្រជាជនកម្ពុជា ព្រោះថា វត្តអារាម ជាកន្លែងផ្តល់ការអប់រំ បណ្តុះគុណធម៌ សីលធម៌ និងជាកន្លែងកូនចៅ ប្រជាពលរដ្ឋបួសរៀនសូត្របន្ត និងជាកន្លែងប្រមូលផ្តុំសប្បាយរីករាយ និងថែរក្សាវប្បធម៌ប្រពៃណីជាតិ។ ការរស់នៅរបស់យើងម្នាក់ៗសុទ្ធតែបានទទួលការអប់រំពីព្រះសង្ឃ ពីឪពុកម្តាយឱ្យប្រព្រឹត្តតែអំពើល្អ កុំប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលទាំងអស់នេះគឺជាការរស់នៅតាមបែបសាសនា។

លោកថា «យើងនាំគ្នាខំប្រឹងធ្វើអំពើល្អហើ សូមបន្តធ្វើទៀត ពេលខ្លះការអភិវឌ្ឍនវាមិនគ្រប់ជ្រុងជ្រោយទេ តែយើងធ្វើមកដល់ដំណាក់កាលនេះហើយ ចាត់ទុកថា ប្រពៃណាស់ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ការឧបត្ថម្ភគាំទ្ររបស់ក្រុមការងារពង្រឹងគ្រប់លំដាប់ថ្នាក់ ព្រមទាំងការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ធ្វើឲ្យខេត្តកណ្តាល បាននិងកំពុងទទួលការអភិវឌ្ឍ ប្រកបដោយចីរភាពលើគ្រប់វិស័យ ធានាបាននូវសុខសន្តិភាព សុវត្ថិភាពសាធារណៈ ហើយជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់»

ជាចុងក្រោយលោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រសម្តេចរហូតមកដល់ពេលនេះ ព្រោះបងប្អូនយល់ឃើញថា ប្រមុខរាជរដ្ឋាភិបាល ទាំងយើងទាំងអស់គ្នា ខិតខំអភិវឌ្ឍនប្រទេសជាតិដោយការលំបាក ខិតខំបង្រួបបង្រួមផ្ទៃក្នុង ក្រោមនយោបាយឈ្នះឈ្នះ ខិតខំកសាងតាំងពីបាតដៃទទេ។ «ពិតណាស់យើងមានការខ្វះខាតខ្លះ នៅក្នុងការដឹកនាំប្រទេស ប៉ុន្តែរាជរដ្ឋាភិបាល អាជ្ញាធរខិតខំបម្រើប្រជាពលរដ្ឋនូវសេវាសាធារណៈឱ្យបានល្អ ធ្វើបុណ្យ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ»