(ភ្នំពេញ)៖ ៦ខែក្រោយពីគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែកនយោបាយ នៃបដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវបានរំលាយដោយសាលដីកាតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អង្គការសង្គមស៊ីវិល និងក្រុមអ្នកធ្លាប់អនុវត្តផែនការបដិវត្តន៍ពណ៌ ជាមួយបក្សប្រឆាំងនាពេលកន្លងទៅ បាននិងកំពុងតែពួនសម្ងំលាក់ខ្លួន និងខ្លះទៀតបាន និងកំពុងតែប្រែផ្លាស់រូបភាព និងសកម្មភាពផ្សេងៗរបស់ខ្លួន ដើម្បីលាក់បំពួននូវផែនការដ៏ខ្មៅកខ្វក់របស់ពួកគេ នៅក្នុងការបម្រើមហិច្ឆតាបរទេស និងបំផ្លាញជាតិ និងប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

ពួកគេនៅតែបន្តជានិច្ចនូវផែនការបំផ្លាញកម្ពុជា ជាពិសេសគឺការរំខាន បំផ្លាញ និងបង្ខូចនូវកិត្យានុភាពនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ ដើម្បីញុះញង់ប្រជាពលរដ្ឋ ពួកគេបានត្រៀមនឹងបំផ្ទុះបញ្ហាចេញពីវិស័យបីសំខាន់ គឺ១-បញ្ហាដីធ្លី ២-បញ្ហាកសិកម្ម និង ៣-បញ្ហាបរិស្ថាននិងធនធានធម្មជាតិ។ ពិនិត្យមើលជារូបភាព គឺពួកគេហាក់ដូចជាបង្ហាញការយកចិត្តទុកដាក់ និងជួយប្រជាកសិករខ្មែរ ប៉ុន្តែក្នុងផែនការ ដែលពួកគេរៀបចំគឺ ពោរពេញដោយល្បិចកល និងផែនការពិសពុលនៅពីក្រោយខ្នង ក្នុងនោះសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដឹកនាំដោយឈ្មោះ ថេង សាវឿន និងស្ថិតនៅក្រោមការបង្គាប់បញ្ជាពីក្រោយខ្នង ពីសំណាក់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) និងអង្គការ IDI (Inclusive Development International) ត្រូវបានគេមើលឃើញថា ជាបណ្តាញមួយដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងអនុវត្តផែនការបដិវត្តន៍ពណ៌ និងគាំទ្រក្រុមអ្នកនយោបាយប្រឆាំង ដើម្បីសម្រេចផែនការក្តោបក្តាប់អំណាច។

តើសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC បានធ្វើអ្វីខ្លះក្នុងនាមជាស្រមោលនៃផែនការបដិវត្តន៍ពណ៌?

តាមប្រភពព័ត៌មានសម្ងាត់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានចូលរួមសមាជយុវកសិករជនបទអន្តរជាតិ ក្រោមលេសស្ដីអំពី «ការកើនឡើងនៃយុវជនជនបទ ដើម្បីសុវត្ថិភាពស្បៀង» នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ សមាជនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរបស់ យុវកសិករជនបទលើសិទ្ធិដីធ្លី និងសុវត្ថិភាពស្បៀងអាហារ។ ប៉ុន្តែតាមពិត គឺជាការចូលរួមរៀបចំគម្រោងផែនការ ត្រៀមបំផ្ទុះការតវ៉ាក្នុងចំណោមប្រជាកសិករ ក្នុងករណីចាំបាច់ ដើម្បីបង្កចលាចលក្នុងសង្គមនាពេលខាងមុខ ប្រសិនបើចៅហ្វាយនាយបរទេសរបស់ពួកគេ ចង់ធ្វើវិច្ឆេទកម្មនយោបាយប្រឆាំងនឹងកម្ពុជា ក្នុងករណីដែលកិច្ចខិតខំប្រែងទាំងបំពានច្បាប់ ទម្លាប់អន្តរជាតិរបស់ពួកគេបរាជ័យ មិនអាចប្រស់ខ្មោចគណបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងមិនអាចជួយស្រោចស្រង់ អ្នកនយោបាយដែលត្រូវបានដកសិទ្ធិ មិនឱ្យធ្វើនយោបាយទាំង ១១៨ នាក់បាន។ ដូចអង្គការខុមហ្វ្រែលរបស់លោក គល់ បញ្ញា ដែរ សម្ព័ន្ធសហគមន៍ កសិករកម្ពុជានេះ ទទួលបានការគាំទ្រថវិកាពីបណ្តាមូលនិធិ និងអង្គការមួយចំនួនរបស់ប្រទេស ដែលគាំទ្រយ៉ាងប្តូរផ្តាច់លើសកម្មភាពបក្សក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ និងតែងតែដំឡើងឫកធ្វើ ជាម៉ែឪរបស់កម្ពុជា ក្នុងនោះមានអង្គការ IDI របស់សហរដ្ឋអាមេរិកផងដែរ ដែលបានគាំទ្រ និងដាក់ចុះផែនការឱ្យសង្គមស៊ីវិល ដែលទទួលថវិការបស់ខ្លួនអនុវត្តតាម។

សម្ព័ន្ធសហគមន៍កសិករកម្ពុជា ដឹកនាំដោយឈ្មោះ ថេង សារឿន ត្រូវបានគេដឹងថា មានទំនាក់ទំនងនឹងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) របស់លោក វន ពៅ ដែលធ្លាប់ត្រូវបានចាប់ខ្លួន នៅក្នុងបាតុកម្មញុះញង់បង្កចលាចលសង្គម នៅស្ទឹងមានជ័យនៅដើមឆ្នាំ២០១៤ កន្លងទៅក្នុងក្របខ័ណ្ឌនៃផែនការបដិវត្តន៍ពណ៌ដឹកនាំ អនុវត្តផ្ទាល់ដោយគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានេះ អង្គការនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ NGO Forum ដឹកនាំដោយ តឹក វណ្ណារ៉ា ដែលបានដាក់ទិសដៅបន្តលើបញ្ហាដីធ្លី និងបញ្ហាដីកសិកម្ម និងផលប៉ះពាល់ពីការអភិវឌ្ឍទំនប់វារីអគ្គិសនី តាមដងទន្លេមេគង្គ។

តាមប្រភពព័ត៌មានពីអង្គការ NGO Forum បញ្ហាដីធ្លី បញ្ហាដីកសិកម្ម គឺអង្គការនេះ នឹងត្រូវចេញធ្វើសកម្មភាពឱ្យបានផុសផុលបំផុត ក្នុងការទាមទារសំណងឱ្យបានមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨។ យោងតាមប្រភពព័ត៌មានស្និទ្ធ នឹងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការនេះក៏ជាផ្នែកមួយស្ថិតនៅក្នុងរចនាសម្ព័ន្ធ នៃចលនាបដិវត្តពណ៌ នៅកម្ពុជាផងដែរ តាមរយៈសកម្មភាព «បដិវត្តន៍កសិករ ឬ បដិវត្ដន៍បៃតង» ដែលពួកគេបានធ្វើកន្លងទៅ។ ពួកគេបាននិង កំពុងប្រើយុទ្ធសាស្ត្រ «បង្កាត់ភ្លើង និងចិញ្ចឹមទំនាស់» ដោយព្យាយាមចិញ្ចឹមទំនាស់ដីធ្លីនៅតាមតំបន់មួយ ចំនួននៅក្នុងប្រទេសកម្ពុជា។

ក្នុងគោលបំណងបំផុសបំផុល ការបះបោររបស់ប្រជាកសិករ អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានធ្វើយុទ្ធនាការមួយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ មានឈ្មោះថា «គ្មានដី គ្មានទីផ្សារ គ្មានជីវិត» ញុះញង់ឱ្យប្រជាកសិករស្រែក និងសរសេរទិសស្លោក «ឈប់សហការគ្នារឹបអូសដីធ្លីកសិករ និងឈប់ធ្វើ ច្បាប់គោលនយោបាយ ដែលគ្មានប្រយោជន៍សម្រាប់កសិករ»។ ពួកគេក៏បានកៀងគរជ្រកកម្លាំងសមាជិកជ្រកក្រោម ស្លាកវិស័យកសិកម្ម ហើយមានផែនការអូសទាញ ប្រជាពលរដ្ឋចូលរួមជាសមាជិកចំនួនជាង ៧ម៉ឺននាក់មកពី៥៩ សហគមន៍មកពី៩ខេត្ត ក្នុងនោះមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពត តាកែវ ព្រះសីហនុ កំពង់ធំ ព្រះវិហារ និងខេត្តបាត់ដំបង។ ខេត្តបាត់ដំបងនាពេលកន្លងទៅ មានចលនាប្រជាកសិករ ដែលតវ៉ានឹងតម្លៃកសិផលរហូត ដល់មានការញុះញង់ឱ្យចាក់កសិផលចោល នៅតាមថ្នល់ជាតិលេខ៥នៅ ក្នុងស្រុកមោងឫស្សី។ ការចាក់កសិផលនេះ ក្រោយមកត្រូវបានគេដឹងថា គឺសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដឹកនាំថោយ ថេង សារឿន គឺជាអ្នកនៅពីក្រោយញុះញង់និងមានការបញ្ជាពីអង្គការ NGO Forum និង IDI របស់សហរដ្ឋអាមេរិក ឱ្យធ្វើដូច្នេះដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាលដោះស្រាយតម្លៃស្រូវ។ ប៉ុន្តែគោលដៅសំខាន់របស់ពួកគេ គឺដើម្បីញុះញង់ឱ្យប្រជាកសិករបះបោរ ប្រឆាំងនឹងរដ្ឋអំណាចតែម្តង។

តាមប្រភពព័ត៌មានអង្គការនេះ កំពុងមានសកម្មភាពនៅខេត្តកណ្តាល ព្រះវិហារ ស្វាយរៀង ខេត្តព្រះសីហនុ ហើយពិសេសក៏មានពាក់ពន្ធ័នឹងព្រឹត្តិការណ៍ នៃការញុះញង់ឱ្យប្រជាពលរដ្ឋដណ្តើមកាន់កាប់ដីដោយ ខុសច្បាប់នៅស្រុកស្នួល ខេត្តក្រចេះកាលពីខែមីនា ឆ្នាំ ២០១៨ រហូតដល់មានការប្រឌិតព័ត៌មានថា មានការបាញ់សម្លាប់មនុស្ស៦នាក់ និងរបួសជាង៤០នាក់ទៀតផង ក្នុងចេតនាបង្កចលាចលសង្គម និងបង្កការខឹងសម្បារនឹងអាជ្ញាធររាជរដ្ឋាភិបាល ងាយស្រួលពួកគេបំផ្ទុះកំហឹងប្រជាពលរដ្ឋផងដែរ។

ដោយប្រើប្រាស់រូបភាពនៃការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្តូររបប និងរាជរដ្ឋាភិបាលស្របច្បាប់ និងលើកបន្តុបក្រុមអ្នកនយោបាយប្រឆាំង ដែលតែងតែលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍បរទេស និងយកអធិបតេយ្យ ភាពជាតិដាក់ក្រោមបាតជើងបរទេស ចៅហ្វាយនាយបរទេសពួកគេ មិនញញើតនឹងជះលុយចំណាយ ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កបង្កើតបញ្ហាទាំងឡាយឡើយ ហើយ អង្គការសហគមន៍កសិករកម្ពុជា បាននិងកំពុងអនុវត្តផែនការបំផ្លាញជាតិ និងសំខាន់ចំពោះមុខគឺបំផ្លាញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាខាងមុខ។ ទង្វើទាំងអស់នេះគឺជាទង្វើខុសច្បាប់ហើយ ប្រសិនបើអង្គការនេះនៅតែបន្តសកម្មភាព នោះអាចនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ក៏ថាបាន៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៨