(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ព្រមទាំងក្រុមគ្រួសារ, លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រតិភូខេត្តស្ទឹងត្រែង និងមន្ត្រីរាជការក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានចូលរួមជាមួយ ភ្ញៀវទេសចរជាច្រើន រួមគ្នាលេងល្បែងប្រជាប្រិយខ្មែរ ក្នុងថ្ងៃបញ្ចប់ និងជាថ្ងៃវារៈឡើងស័ក នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ នៅបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។

លោក ម៉ៅ ធនិន និងភរិយា បានអុជធូប បំពាក់កម្រងផ្កា និងប្រោះព្រំសុគន្ធវារីលើផ្នូរ លោកឧកញ៉ា ឃ្លាំងមឿង និងជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងមានភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់កសិករធ្វើស្រែ ព្រមទាំងមានពិធីប្រគល់ស្មុកម្លូរបុរាណ ជូនសម្លៀកបំពាក់ដល់ចាស់ៗ ចែកផ្លែឈើចម្រុះជាង១ពាន់គីឡូក្រាមដូចជា៖ ក្រូច ម្នាស់ ប៉ោម ឆឺរី ល្មុត មៀន ស្វាយ ស្រកានាគ សាវម៉ាវ ទំពាំងបាយជូរ ភ្ញៀវជាដើម ជូនដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដ បានហូបគ្រប់ៗគ្នា ដោយគ្មានប្រកាន់អ្នកនៅក្នុងស្រុក ឬមកពីទីណាឡើយ។

តាមការកត់សម្គាល់ឃើញថា ឆ្នាំនេះនៅខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរមកលេងកម្សាន្ដច្រើនជាង បណ្ដាឆ្នាំមុនៗ ពិសេសរមណីយដ្ឋាន ដែលមានទឹកងូត ដូចជា៖ ទឹកធ្លាក់ច្រកល្អៀង នៅស្រុកក្រគរ ល្បាក់កំរោញ និងទំនប់ទឹកដំណាក់អំពិល នៅស្រុកភ្នំក្រវាញ ជាពិសេសសំណង់បង្ហៀរក្បាលហុង និងកោះសំពៅមាស ដែលទាំងនេះកើតមានឡើង ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋ មានហូបចុក គ្រប់គ្រាន់ និងផ្លូវងាយស្រួលធ្វើដំណើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕