(ក្រចេះ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ដនៅតាមគោលដៅ ទេសចរណ៍នានា ក្នុងទឹកដីខេត្តក្រចេះ មានចំនួនសរុបជាង១០២,៣០៦ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន១០៤,៨៩០ ថយចុះចំនួន២,៥៨៤ ស្មើនឹង ២,៤៦%។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ។

របាយការណ៍មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ភ្ញៀវទេសចរជាតិមានចំនួន១០១,៨១៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន១០៤,៤៦០នាក់ ថយចុះចំនួន២,៦៤៣នាក់ ស្មើនឹង២,៥៣%។ ទេសចរអន្តរជាតិចំនួន៤៨៩នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧ ចំនួន៤៣០នាក់ កើនចំនួន៥៩នាក់ ស្មើនឹង១៣,៧២%។

បើតាមរបាយការណ៍បានបន្តថា កន្លែងសម្រាប់ភ្ញៀវទេសចរណ៍ ពេញនិយមក្នុងខេត្តក្រចេះនោះ មានដូចជា៖ រមណីយដ្ឋានទឹកជួកាំពី, ឆ្នេរខ្សាច់កោះទ្រង់ និងរមណីយដ្ឋានកោះសុក្រមជាដើម។

ខេត្តក្រចេះ ក៏​ជា​ខេត្ត​ទិសដៅ​ទេសចរ​មួយ​ដែរ ​ក្នុងប្រទេស​កម្ពុជា​ ក្នុងឱកាស​នៃ​ការឈប់សម្រាក​កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី ដោយសារ​ខេត្ត​នេះ មាន​តំបន់​កម្សាន្ត​ច្រើន ​ទាំង​ធម្មជាតិ និង​កែច្នៃ ហើយ​ចំនួន​ភ្ញៀវ ​ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​នេះ ​ក៏​មាន​ការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ផងដែរ​។

ខេត្តក្រចេះ ជា​ខេត្ត​មួយ​ឋិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ​ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ​ដោយមានរមណីយដ្ឋាន​ស្រស់ ស្អាត​ជាច្រើន​កន្លែង ប្រកបដោយ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ហើយ​ជា​រៀងរាល់ឆ្នាំ ខេត្ត​នេះ​បាន​ទទួល​កំណើន​ទេសចរ​ជានិច្ច​។ រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី នៅតែ​ឈរ​លំដាប់​លេខ​១ ​មាន​ភាព​ទាក់ទាញ ​ទេសចរ​ជាងគេ ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​របស់​ខេត្ត​នេះ​៕