(សៀមរាប)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខា បន្តការឧបត្ថម្ភដល់ក្លឹបបាល់ទាត់ «សូទីឡូអង្គរ» ក្នុងឆ្នាំ២០១៨ នៅសណ្ឋាគារ សោម៉ាទេវី ក្រុងត្តសៀមរាប។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិឡើងក្រោមវត្តមានលោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈនៃ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោក Mr. Shogo Tsujii អ្នកគ្រប់គ្រងទូទៅក្លឹបបាល់ទាត់សូលទីឡូអង្គរ និងជាតំណាងលោក ខេសឺកិ ហុងដា, លោក អៀង សាក់នីដា អគ្គលេខាធិការ ក្លឹបបាល់ទាត់សូលទីឡូអង្គរ រួមជាមួយវត្តមានរបស់កីឡាករ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ឹម សុធារិទ្ធ បានថ្លែងថា ការឧបត្ថម្ភនេះ គឺជាការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយវិស័យបាល់ទាត់កម្ពុជា ដែលកំពុងរីកចម្រើនខ្លាំង ហើយលោកសង្ឃឹមថា ការឧមត្ថម្ភក្នុងឆ្នាំនេះនឹងជួយជ្រោមជ្រែងក្លឹប «សូទីឡូអង្គរ» ឱ្យទទួលបានសមិទ្ធផលធំៗ ជាច្រើនទៀតក្នុងឆ្នាំ២០១៨នេះ ព្រោះការឧបត្ថម្ភគាំទ្រ របស់ក្រុមហ៊ុនកាលពីឆ្នាំ២០១៧ ក្លឹប សូទីឡូអង្គរ បានសម្រេចសមិទ្ធផលជាច្រើន ដូចជាបានទៅហ្វឹកហាត់នៅប្រទេសជប៉ុន តំណាងឱ្យកម្ពុជា ទៅប្រកួតនៅប្រទេសចិន ដើម្បីដណ្តើមពានរង្វាន់ One Belt One Road Yunnan Tournament 2017 និងបានឡើងពីលីហ្គទី២ មកលេងក្នុងលីហ្គកំពូលរបស់កម្ពុជា ក្នុងឆ្នាំ២០១៨។

លោកបានបន្តថា តាងនាមជាអ្នកឧបត្ថម្ភធំដល់ក្លឹបបាល់ទាត់ «សូទីឡូអង្គរ» ក្រុមហ៊ុនពិតជាមានកិត្តិយស ដែលបានចូលរួមដំណើរ ទៅកាន់ជោគជ័យរបស់ក្លឹបនេះកន្លងមក។ ក្រៅពីនេះក្លឹប សូទីឡូអង្គរ ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលកីឡាករក្មេងៗ ចំនួន៧០នាក់ នៅក្នុងឆ្នាំ២០១៨ នេះផងដែរ។

លោកក៏បានរំលឹកថា ក្រៅពីសមិទ្ធិផលជាទីកត់សម្គាល់ទាំងនេះ ក្លឹបបាល់ទាត់សូលទីឡូអង្គរ ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលកីឡាករវ័យក្មេង U15 សរុប៣៥នាក់ និង U17សរុប៣៥នាក់ ក្នុងឆ្នាំ២០១៨ នេះផងដែរ ហើយឆ្នាំនេះ ក្រុមហ៊ុន ក៏បានបន្តដំណើរជាមួយក្លឹបបាល់ទាត់ សូលទីឡូអង្គរ ជាមួយនឹងក្ដីសង្ឃឹមថា ការឧមត្ថម្ភក្នុងឆ្នាំនេះ នឹងជួយជ្រោមជ្រែងក្លឹបឱ្យទទួលសមិទ្ធផលធំជាច្រើនទៀត ។

ក្នុងនោះផងដែរ លោក Shogo Tsujii និងលោក អៀង សាក់នីដា បានថ្លែងអំណរគុណជូន ចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភដល់ក្លឹប សូទីឡូអង្គរ។ ក្លឹបយើងនេះ ទើបតែបង្កើតឡើងកាលពីខែមករា ឆ្នាំ២០១៧ ហើយពួកគាត់បានសន្យាក្នុងការប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងការហ្វឹកហាត់ និងលេងឱ្យបានល្អប្រសើរបន្ថែមទៀត ហើយអាចក្លាយជាក្លឹបដ៏ល្អសម្រាប់ប្រទេសកម្ពុជាផងដែរ៕