(ភ្នំពេញ)៖ ផ្លូវការហើយ! ក្រុមបាល់ទាត់ខេត្តព្រៃវែង ខេត្តកំពត និងខេត្តបន្ទាយមានជ័យ សុទ្ធតែត្រូវបានជ្រើសរើសជាក្រុមចំណាត់ថ្នាក់លេខ៤ ល្អជាងគេ សម្រាប់បង្គ្រប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ថ្នាក់ខេត្ត នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមពូលកាលពីពេលថ្មីៗ។

ចំពោះខេត្តព្រៃវែង គឺជាក្រុមលេខ៤ នៃពូល B ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ២ ស្មើ១ និងចាញ់២ មាន៧ពិន្ទុ។ ឯក្រុមលេខ១ ដល់លេខ៣ រួមមានខេត្តកំពង់ចាមមាន ១១ពិន្ទុ, យុវជនក្រសួងការពារជាតិមាន ១០ពិន្ទុ និងខេត្តត្បូងឃ្មុំមាន ៩ពិន្ទុ។ ខេត្តកំពត ជាក្រុមលេខ៤ ក្នុងពូល D មាន៦ពិន្ទុជាមួយលទ្ធផល ៤ប្រកួត ឈ្នះ២ និងចាញ់២។ លទ្ធផលនេះ បានជួយខេត្តកំពតឲ្យឡើងវគ្គបន្ដជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី មាន១០ពិន្ទុ ខេត្តព្រះសីហនុ មាន៧ពិន្ទុ និងខេត្តកោះកុងមាន ៦ពិន្ទុ។

ដោយឡែកខេត្តបន្ទាយមានជ័យ គឺជាក្រុមលេខ៤ ប្រចាំពូល E ប៉ុន្ដែរកបាន ៩ពិន្ទុដោយមិនស្គាល់ពាក្យចាញ់ឡើយ ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ២ និងស្មើ៣ ដើម្បីបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយក្រុមខេត្តសៀមរាបមាន ១០ពិន្ទុ, ក្រុមស៊ីម៉ាក់អែហ្វស៊ីមាន ១០ពិន្ទុ និងខេត្តកំពង់ធំមាន ៩ពិន្ទុ។ ចំពោះកម្មវិធីប្រកួតវគ្គបន្ដ មុនឈានដល់ការប្រកួតផ្លូវការ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងរៀបចំចាប់ឆ្នោតប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៩ ខែមេសាស្អែកនេះ ខណៈការប្រកួតគ្រោងធ្វើនៅថ្ងៃទី២៥ ខែមេសាខាងមុខ។

ក្រុមទាំង១៦ ដែលបានឆ្លងផុតពីវគ្គចែកពូលមានដូចជា៖ ក្រុមខេត្តប៉ៃលិន ក្រុមគិរីវង់អេហ្វស៊ី ក្រុមខេត្តបាត់ដំបង ក្រុមខេត្តកំពង់ចាម ក្រុមយុវជនក្រសួងការពារជាតិ ក្រុមខេត្តត្បួងឃ្មុំ ក្រុមខេត្តព្រៃវែង ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ ក្រុមខេត្តព្រះសីហនុ ក្រុមខេត្តកោះកុង ក្រុមខេត្តកំពត ក្រុមខេត្តសៀមរាប ក្រុមស៊ីម៉ាក់អេហ្វស៊ី ក្រុមខេត្តកំពង់ធំ ក្រុមខេត្តឧត្តរមានជ័យ និងក្រុមខេត្តមណ្ឌលគិរី៕