(ភ្នំពេញ)៖ ស្ថិតនៅបណ្តោយផ្លូវ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក វេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានករណីចោរលួចម៉ូតូមួយគ្រឿង ម៉ាកអាយខន គេចបាត់ដោយសុវត្ថិភាព ហើយអ្វីដែលសំខាន់នៅពេលមានករណីចោរកម្មម្តងៗក្តីរំពឹងសម្រាប់ជួយប្រជាពលរដ្ឋនោះគឺកម្លាំងសមត្ថកិច្ចមូលដ្ឋាននេះឯង។

ប៉ុន្តែសម្រាប់កម្លាំងនគរបាលមូលដ្ឋានសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដឹកនាំដោយលោក ហម គា ពិតជាមិនសាកសមសម្រាប់បម្រើកិច្ចការពារជូនប្រជាពលរដ្ឋសោះឡើយ។ ជាក់ស្តែងករណីចោរលួចម៉ូតូមួយគ្រឿង នៅតាមបណ្តោយផ្លូវ៣៥១ សង្កាត់បឹងកក់១ ជនរងគ្រោះជាម្ចាស់ឈ្មោះ ស៊ុយ សារ៉ាន់ ក្រោយពីបាត់ម៉ូតូរបស់ខ្លួនភ្លាម បានជិះម៉ូតូតាម រកម៉ូតូដោយខ្លួនឯង ក៏ដោយតែជនរងគ្រោះម្ចាស់ម៉ូតូបានទូរស័ព្ទទៅនាយប៉ុស្តិ៍នគរបាលបឹងកក់១ ខណៈកំពុងផឹកស្រា និងបោះពាក្យសម្តីយ៉ាងព្រហើនដល់ម្ចាស់ម៉ូតូវិញថា «បាត់ម៉ូតូហ្នឹង ចាំស្អែកចាំរក»

ឱលោកអើយ ! គ្រាន់តែលឺសូរសម្លេងរបស់នាយប៉ុស្តិ៍នគរបាលបឹងកក់១ រូបនេះនិយាយបែបនេះ បានធ្វើឲ្យខ្ញុំជាម្ចាស់ម៉ូតូអស់ព្រលឹង និងហួសចិត្តបំផុត មិនគួរណាយើងជា សមត្ថកិច្ច ការពារមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាក្តីរំពឹងរបស់អ្នកភូមិ បែរជាមិនបានបំពេញកិច្ចការងារជូនប្រជាពលរដ្ឋសោះឡើយ ថែមទាំងមិនបានប្រាប់ឲ្យ​ខ្ញុំជាជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទៀតផង។ តាមច្បាប់ទីស្នាក់ប៉ុស្តិ៍នគរបាលបើកទ្វារ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹងរបស់ប្រជាជន។

ក្រោយពីទទួលនូវពាក្យគំរោះគំរើយពីនាយប៉ុស្តិ៍នគរបាលបឹងកក់១រួចហើយ ខ្ញុំបានទំនាក់ទំនងទូរទស័ព្ទទៅកាន់លោក ហ៊ុន សុធី អធិការខណ្ឌទួលគោកដើម្បីអន្តរាគមន៍ ភ្លាមៗលោកអធិការក៏បានចាត់បញ្ជូននាយរងប៉ុស្តិ៍មកកន្លែងកើតហេតុ និងបានទទួលពាក្យបណ្តឹងផងដែរ។

តើមេប៉ុស្តិ៍នគរបាល សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅជាទីរំពឹងរបស់ប្រជាជននៅមូលដ្ឋានទៀតទេ បើករណីមួយនេះបានបង្ហាញជាក់ស្តែងបាត់ទៅហើយ។ ខ្ញុំជាប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាជនរងគ្រោះ ស្នើសុំឲ្យលោកអធិការខណ្ឌទួលគោក និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ គួរមានចំណាត់ការធ្ងន់ធ្ងរ ឬគួរពិចារណាផ្លាស់ប្តូរនាយប៉ុស្តិ៍នគរបាលចេញពីតួនាទី ដើម្បីជាគំរូដល់កន្លែងផ្សេង។ ហើយកន្លងមកតាមដែលខ្ញុំបានដឹងនាយប៉ុស្តិ៍នេះ ធ្លាប់ទទួលរងការរិះគន់ច្រើនពីប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

សូមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងលោកអធិការខណ្ឌទួលគោក ទទួលនូវការគោរពស្រឡាញ់ពីខ្ញុំបាទប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក៕