(ភ្នំពេញ)៖ ស្រ្តីម៉ាស្សាម្នាក់ដែលត្រូវបានសង្សារសម្លាប់ ដោយសារភ្លើងប្រច័ណ្ឌនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន តាមចាប់ខ្លួននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានរត់គេចខ្លួន បានប៉ុន្មានថ្ងៃមកនោះ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវចាប់ជនសង្ស័យ នៅចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជាមួយគ្នានេះ ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារ ដោយសារប្រច័ណ្ឌ ដោយសារនារីរងគ្រោះចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង។ បើតាមលោក ហ៊ាង ថារ៉េត ជនសង្ស័យឈ្មោះ ហុង សុខហេង អាយុ៤១ឆ្នាំ ជាបុគ្គលិកហាងម៉ាស្សា KS កាន់ផ្នែកស្ទីមសូណា ស្នាក់នៅកន្លែងម៉ាស្សាតែម្តង នៅផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សូមបញ្ជាក់ថា ស្រ្តីរងគ្រោះបានស្លាប់ក្នុងផ្ទះជួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្ដឹងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុឡោមព័ន្ធ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ សពមានឈ្មោះ សួង លីនណាហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លាប់នៅជាន់ទី១ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

សមត្ថកិច្ចត្រួតពិនិត្យសពស្រ្តីរងគ្រោះរួចសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយសពមានសភាពបែកក្បាលពីមុខ និងក្រោយដោយប្រើខ្សែរឹតករួចយកបោកក្បាល និងឥដ្ឋការ៉ូ ទើបបណ្ដាលហូរឈាមពេញបន្ទប់៕