(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ ​រួមទាំងមានកម្លាំងប្រជាការពារប្រមាណ២ម៉ឺននាក់ផងដែរ នឹងប្រើប្រាស់ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីបើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ស្តី​ពី​ច្បាប់​​បទបញ្ជា​ និង​នីតិវិធី​​សម្រាប់​ការ​បោះ​ឆ្នោត​ និង​ក្រម​សីលធម៌​សម្រាប់​ ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត​ ដែលដកស្រង់​សម្ដីដោយគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងទៀតថា វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ស្តី​ពី​ច្បាប់​​បទបញ្ជា​ និង​នីតិវិធី​​សម្រាប់​ការ​បោះ​ឆ្នោត​ និង​ក្រម​សីលធម៌​សម្រាប់​ ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោតនៅពេលនេះ ​មាន​រយៈពេល​តែ​៣​ថ្ងៃ​នោះ​ទេ​ ប៉ុន្តែ​ប្រធានបទ​មាន​ដល់​ទៅ​៩​ ហើយ​នៅ​ក្នុង​ប្រធានបទ​៩​នោះ​ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​សន្តិសុខ ​នៃ​ការ​បោះ​ឆ្នោត​ទាំងអស់​ ​ដូច្នេះ​​​នាយ​ឧត្តមសេនីយ៍​បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​ (​គ​.​ជ​.​ប​)​ ដែល​បាន​គាំទ្រ ​និង​ផ្តល់​គ្រូ​ឧទ្ទេសនាម​ បណ្តុះបណ្តាល​សម្រាប់​វគ្គ​សិក្សាការ​បោះ​ឆ្នោត។​​

នាយឧត្តមសេនីយ៍អគ្គស្នងការរង បានសំណូមពរឲ្យ​សិក្ខាកាម​ទាំងអស់​​ត្រូវ​យក​ ចិត្ត​ទុកដាក់​ត្រងត្រាប់​ ស្តាប់​គ្រូ​ឲ្យ​មែនទែន​ ដើម្បី​ក្តាប់​ជាប់​គ្រប់​ខ្លឹមសារ​ និង​យក​ទៅ​បើក​វគ្គ​បណ្តុះបណ្តាល​តាម​អង្គភាព​ និង​រាជធានី​-ខេត្ត​ ឲ្យ​បាន​ទាន់​ពេលវេលា​ ដោយហេតុ​ថា​ការបោះឆ្នោតកាន់ខិតជិតចូលមកដល់ ពោលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ​ដូច្នេះមន្ត្រី​ដែល​ចូលរួម​ការពារ​បោះ​ឆ្នោត​ទាំងអស់​ មានការ​យល់​ដឹង​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​ នៃ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​គ្មាន​ការ​គំរាមកំហែង​​។​

​សូម​ជម្រាប​ថា​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ស្តី​ពី​ច្បាប់​​បទបញ្ជា​ និង​នីតិវិធី​ដ​សម្រាប់​ការ​បោះ​ឆ្នោត ​និង​ក្រមសីលធម៌​សម្រាប់​ ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត​ មាន​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៨-២០​ ខែមេសា​ ឆ្នាំ​២០១៨​ ដោយ​មាន​សិក្ខាកាម​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ និង​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​​៕​