(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា​ បានចុះត្រួតពិនិត្យការងារក្រាលក្ដារពីលើឫសឈើ ក្នុងបរិវេណប្រាសាទតាព្រហ្ម ព្រោះពីមួយថ្ងៃទៅមួយថ្ងៃភ្ញៀវទេសចរបានដើរកាត់លើឫសឈើ ជាហេតុនាំឲ្យមានការប៉ះពាល់ដល់ឫសឈើទាំងនោះ ដូចជាដំបៅសំបកឈើ ក្រិន មានជំងឺ ហាប់ដីជាដើម។

អាជ្ញាធរជាតិអប្សរាបានប្រាប់ថា គម្រោងក្រាលក្ដារឈើពីលើឫសឈើក្នុងបរិវេណប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី៦ ខែមីនា​ ឆ្នាំ២០១៨ មកម្ល៉េះ ក្នុងនោះមានទីតាំងចំនួន ៦កន្លែង ដែលត្រូវក្រាលក្ដារនៅតាមវង់ទស្សនាប្រវែងជាង ៤០០ម៉ែត្រ ហើយឈើដែលយកមកប្រើប្រាស់នេះ ជាប្រភេទឈើគគីរប្រហែលជាង ៧០ម៉ែត្រគូប អាចរក្សាគុណភាពបានពី ៦-៧ឆ្នាំ។

គួរបញ្ជាក់ថា ដើមឈើធំៗដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ពួកគេតែងផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ប្រាសាទម្តងៗ ហើយជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្ម វាក៏បានបង្កហានិភ័យផងដែរ ដោយភ្ញៀវទេសចរបានដើរជាន់ឫសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដល់ដំណើរការលូតលាស់របស់ដើមឈើទាំងនោះ។

ដើម្បីមើលពីភាពរៀបរយនៃការក្រាលកម្រាល និងស្វែងយល់បន្ថែមពីគុណភាពនៃកម្រាលថា អាចសង្គ្រោះដើមឈើបានកម្រិតណានោះ ទើបនាថ្ងៃ១៨ ខែមេសា​ ឆ្នាំ២០១៨នេះ លោកស្រី ភឿង សកុណា បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យដំណើរការងារនេះដោយផ្ទាល់។ លើសពីនេះ ការក្រាលកម្រាលក្តារលើឫសឈើនៅប្រាសាទតាព្រហ្មនេះ ក៏ស្របទៅតាមអនុសាសន៍របស់កិច្ចប្រជុំ ICC-Angkor ផងដែរ។

សូមជម្រាបថា ដើមឈើធំៗភាគច្រើននៅក្នុងប្រាសាទតាព្រហ្ម គឺកំពុងរងគ្រោះថ្នាក់ដោយសារភ្ញៀវទេសចរចូលទៅ​ទស្សនាប្រាសាទច្រើន ហើយជាន់លើឫស ឬលើដីក្បែរឫស ដែលជាហេតុធ្វើឲ្យឫសឈើមានដំបៅ ក្រិន មានជំងឺ ហើយហាប់ដីមិនអាចដកដង្ហើមបាន។ ដោយហេតុដូច្នេះ ដើម្បីបញ្ចៀសនូវហានិភ័យដល់ដើមឈើទាំងឡាយ អាជ្ញាធរជាតិអប្សរា ក៏រៀបចំក្រាល​កម្រាលក្តារលើឫស​ឈើ ដើម្បីសង្គ្រោះដើមឈើឱ្យមានសុវត្ថិភាពល្អប្រសើរឡើងវិញ៕