​(ប៉ៃលិន)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងក្នុងខេត្ត និងក្រៅ​ខេត្ត ដែលធ្វើដំណើរកំសាន្ត តាមរមណីយដ្ឋាន ក្នុងខេត្តប៉ៃលិន មានការកើនឡើង ១០៣,៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ប៉ុន្តែនៅតាមទីវត្តអារ៉ាម ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមកធ្វើបុណ្យមានការថយចុះ។

បើតាមលោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះថា ភ្ញៀវទេសចរ ដែល​ធ្វើដំណើរកំសាន្ត ក្នុងខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាឆ្នាំនេះ គឺមានការកើនឡើងយ៉ាងខ្លាំង បើប្រៀប​ធៀបទៅនឹងឆ្នាំកន្លងទៅ ដោយមានភ្ញៀវទេសចរជាតិ ទាំងក្នុងខេត្ត និងក្រៅខេត្ត ចំនួន ៦៧,៩៨៩នាក់។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនរូបនេះ បានបន្ដទៀតថា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានភ្ញៀវទេសចរ ចំនួន ៣៣,៣៨១នាក់ គឺកើនឡើងចំនួន ៣៤,៥៨៨ នាក់ ស្មើ១០៣,៥% ចំណែកភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន ២០៧នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានភ្ញៀវទេសចរអន្តរជាតិ ចំនួន២០នាក់ កើនឡើង១៨៧នាក់ ស្មើនឹង៩៣៥%។

លោក ស្រេង តុងឡាយ បានបញ្ជាក់ថា មូល​ហេតុដែលភ្ញៀវទេសចរជាតិ-អន្តរ​ជាតិ ទាំងក្នុងខេត្ត និងក្រៅខេត្ត ធ្វើដំណើរកំសាន្ត ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មី មានការកើនឡើងយ៉ាងខ្លាំង គឺមានកត្តាជាច្រើនរួមមាន៖

ទី១៖ ដោយសារខេត្តប៉ៃលិន មានរម្មណីយដ្ឋាន បែបធម្មជាតិជាច្រើន ដូចជា៖ ទឹកធ្លាក់ ព្រៃភ្នំក្រំថ្ម ដែលទាក់ទាញភ្ញៀវទេសចរ ទាំងក្នុង និងក្រៅខេត្ត មកកំសាន្តច្រើន ព្រោះឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង។

ទី២៖ ការអំណោយផល ផ្នែកសន្តិសុខ សុវត្ថិភាពខ្ពស់ ទាំងការស្នាក់នៅយូរ និងឆាប់ ព្រមទាំងតម្លៃ និងសេវាកម្មល្អ។

ទី៣៖ សំខាន់ជាងគេ គឺពាក់ព័ន្ធទៅនឹងតម្លៃកសិផល មានតម្លៃសមរម្យ ប្រជាពលរដ្ឋធ្វើស្រែចំការចំណេញ មានលុយកាក ក្នុង​ការធ្វើដំណើរកំសាន្ត។

ចំណែកព្រះគ្រូ សាន លី ព្រះចៅអធិការវត្តសន្តិមារ៉ាម ហៅវត្តអូរច្រា និងជាព្រះមេគណខេត្តប៉ៃលិន ផ្នែកធម្មយុត បានមានសង្ឃដីការថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ពុទ្ធបរិស័ទ ទាំងជិតទាំងឆ្ងាយ បានមកធ្វើបុណ្យសន្សំកុសល នៅតាមទីវត្តអារ៉ាមនានា ក្នុងខេត្តប៉ៃលិន គឺមានការថយចុះ ចាប់ពី១០% ទៅ២០% បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

ព្រះគ្រូ សាន លី បានមានសង្ឃដីការបន្ដថា ព្រោះឆ្នាំនេះ ​អាកាស​ធាតុក្តៅ ទើបប្រជាពលរដ្ឋច្រើន ជ្រើសរើសការដើរកំសាន្តជាលក្ខណៈគ្រួសារ ទៅតាមរម្មណីយដ្ឋាននានា ជាជាងការ មកលេងនៅវត្ត ម៉្យាងទៀតខេត្តប៉ៃលិន បច្ចុប្បន្នមានរីកចម្រើន ខាងវិស័យទេសចរណ៍ ដោយមានរម្មណីយដ្ឋានជាច្រើន សម្រាប់ប្រជាពលរដ្ឋដើរលេងកំសាន្ត។

​លោកវរសេនីយ៍ត្រី ជា សីហា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍ ដែល​កើតមានឡើង ក្នុងខេត្តមានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ គឺមានតែ១ករណីប៉ុណ្ណោះ។

​ក្នុងនោះ ធ្វើឲ្យមនុស្សរងរបួសធ្ងន់១នាក់ រងរបួសស្រាល២នាក់ និងខូចខាតម៉ូតូ១គ្រឿង និងរថយន្តតូច១គ្រឿង ចំណែកឆ្នាំ២០១៧ គ្រោះ​ថ្នាក់ចរាចរណ៍ ដែលកើតមានឡើង ក្នុងខេត្តមានចំនួន ២ករណី បណ្តាលឲ្យមនុស្សរបួសធ្ងន់ ២នាក់ របួសស្រាល១នាក់ ខូចខាតម៉ូតូ ៣គ្រឿង។

គួរបញ្ជាក់ផងដែរថា ខេត្តប៉ៃលិន មានសក្តានុពលទេសចរណ៍ ទាំងទេសចរណ៍ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែ​ច្នៃជាច្រើន ដែលជាគោលដៅទេសចរណ៍ដូចជា៖

* រម្មណីយដ្ឋានភ្នំយ៉ាត * រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ * រម្មណីយ​ដ្ឋានភ្នំដំបង * រម្មណីយដ្ឋានចំការខ្នុរ * រម្មណីយដ្ឋានទឹកធ្លាក់ក្បាលដំរី * រម្មណីយដ្ឋានស្ទឹងត្រជាក់ចិត្ត * រម្មណីយដ្ឋានម្លប់សាវម៉ាវ * រម្មណីយដ្ឋានហ្លួងរតនសម្បត្តិ និងកន្លែងកម្សាន្តជាច្រើនទៀត។

​បច្ចុប្បន្ននេះ ខេត្តប៉ៃលិនមាន វត្តចំនួន២៩អាស្រម ចំនួន២ និងមជ្ឈមណ្ឌលវិបសនាចំនួន១ សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ធ្វើបុណ្យសន្សំកុសល៕