(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ គឺជាខួបលើកទី៤៣ឆ្នាំ នៃការឡើងកាន់អំណាចរ​បស់ពួកខ្មែរក្រហម។ ៤៣ឆ្នាំមុនថ្ងៃនេះ គឺថ្ងៃ​ដែល​ធ្វើ​ឱ្យប្រជាពលរដ្ឋនៅ​ក្នុង​ក្រុង​ភ្នំពេញ ជួបនូវភាពវឹកវរ​ឥត​គណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ។ ក្តីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់ខ្នងព្រៃផ្សៃបំផុតមួយ នៅលើពិភពលោក។

ការជ្រួលច្របល់​ ​ចាប់​ផ្ដើម​ឡើង​នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​នៅ​ពេល​ដែល​គេ​ឃើញ​កង​ទ័ព​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ស្លៀកពាក់​ខ្មៅ បាន​សម្រុក​ចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ច្រក។ សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមាន អាកា ៤៧ គ្រាប់បែក និង ស្ពាយ បេ។ ប្រជាជន​ទាំងអស់​រីករាយ ហើយ​សង្ឃឹមថា ប្រទេសជាតិ​មាន​សន្តិសុខ សុខសាន្តត្រាណ​ហើយ ព្រោះ​កងទ័ព​ខ្មែរក្រហម​នោះ​ ស្ថិតក្រោម​រដ្ឋាភិបាល​ដែលមាន​សម្តេច​សីហនុ​ជា​ប្រមុខ​នោះ​។ 

ចាប់ពីចូលបានកាន់អំណាច នៅ​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ហៅ​ខ្លួន​ឯង​ថា​ជា «រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា» ដដែល ក៏​ប៉ុន្តែ អំណាច​ពិត​ប្រាកដ​ មិន​មែន​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ទេ គឺ​ស្ថិត​ក្នុង​ដៃ​ពួក​ខ្មែរ​ក្រហម​តែ​ម្នាក់​ឯង។

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅភាគច្រើនជា ក្មេងមានអាយុចន្លោះពី ១៦ ទៅដល់១៧ឆ្នាំ ហើយពួកគេមានទឹកមុខមាំមិនញញឹមញញែមបន្តិចសោះ។ ទាហានទាំងនោះ បានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ២ទៅ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនទេ ព្រោះប្រជាជនទាំងនោះអាចត្រឡប់មកស្រុកវិញក្រោយពេល២ ឬ៣ថ្ងៃទៀតបាន។

ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលនៅតាមផ្លូវ ហើយប្រជាជនរាប់សែននាក់ ដែលព្យាយាមចាកចេញពីក្រុងតាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រលប់មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជនខ្លះដែលចាស់ជរានោះដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរមិនរួចនោះក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យ ជាមួយមនុស្សរាប់សែននាក់ទៀតដែរ។

ក្រៅពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយរូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ មិនដំណើការឡើយ។ ទីតាំងរោងចក្រឧស្សាហកម្មវិញនោះត្រូវគេបោះបង់ចោល គ្មានដំណើរការទេ គ្មានឡើយកម្មសិទ្ធឯកជន ព្រោះគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនានោះត្រលប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មាន។

សូមជំរាបថា មានពលរដ្ឋ​កម្ពុ​ជាជាង១.៧លាន​នាក់ ទៅ២.២លាន​នាក់ ត្រូវបាន​បាត់បង់​ជីវិត​ដោយ​​ការ​សម្លាប់ ការ​បង្អត់អាហារ និង​អំពើ​អមនុស្សធម៌ផ្សេងៗទៀត៕