(កូរ៉េខាងត្បូង)៖ ក្នុងជំនួបពិភាក្សាជាមួយលោក Kim Ki Young សាកលវិទ្យាធិការ នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ (KOREATCH) នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសាកលវិទ្យាល័យនេះ បន្តជួយកសាងសមត្ថភាពដល់មន្រ្តីរាជការ​ និងគ្រូបច្ចេកទេសកម្ពុជាបន្ថែមទៀត​ ព្រោះកម្ពុជាបច្ចុប្បន្នជាប្រទេសកំពុងអភិវឌ្ឍន៍ ពោលត្រូវការធនធានមនុស្សកាន់តែច្រើនថែមទៀត។

ក្នុងជំនួបនោះ លោកសាកលវិទ្យាធិការបានលើកឡើងនូវចំណុចមួយចំនួន ទាក់ទងនឹង៖

១៖ កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ​ KOREATCH ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក លើការកសាងសមត្ថភាពដល់មន្រ្តីរាជការ​ និងគ្រូបច្ចេកទេសកម្ពុជាបានគ្រប់កម្រិត​ និងបាននឹងកំពុងរៀបចំគម្រោងស្ដីពី «Capacity Building for ASEAN TVET Specialist» ទៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីអនុម័តគម្រោងនេះ​ ដោយផ្តោតជាសំខាន់លើការកសាងសមត្ថភាពមន្រ្តីរាជការ និងគ្រូ TVET កម្ពុជា​ តាមរយៈការចូលរួមសិក្សារយៈពេល៖
* ១ឆ្នាំ សម្រាប់ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស TVET (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក TVET)
* ១២សប្ដាហ៍ សម្រាប់​ការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស TVET (សិក្សាអំពី HRD និងវិស្វកម្ម)
* ២សប្ដាហ៍ សម្រាប់អ្នកបង្កើតគោលនយោបាយ TVET (សិក្សាអំពីមុខរបរ ការងារ និង TVET)
* ៤សប្ដាហ៍ សម្រាប់កម្លាំងពលកម្មជំនាញ (សិក្សាអំពីវិស្វកម្ម និងការប្រកួតប្រជែងបច្ចេកទេស)។

បន្ថែមលើនេះ កាលពីខែឧសភា ឆ្នាំ២០១៧ សាកលវិទ្យាល័យ KOREATECH បានបង្កើតក្របខណ្ឌសហប្រតិបត្តិ ការថ្មីមួយទៀតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង TVET-CAMPUS ជាមួយសាកលវិទ្យាល័យចំនួន៨ផ្សេងទៀត ដែលក្នុងនោះភាគីកម្ពុជា គឺតំណាងដោយ NPIC​។ កិច្ចព្រមព្រៀងនេះមានគោលបំណងលើកកម្ពស់កម្មវិធីផ្លាស់ ប្តូរការសិក្សា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ។

២៖ កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរវាងសាកលវិទ្យាល័យ KOREATECH និងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដោយបច្ចុប្បន្ននេះសាកលវិទ្យាល័យ KOREATCH បាននិងកំពុងរៀបចំគម្រោង ODA ថ្មីមួយទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំហិរញ្ញវត្ថុ ODA ពីរដ្ឋាភិបាលកូរ៉េ។

៣៖ ពិភាក្សាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការផ្សព្វផ្សាយកម្មវិធី Global TVET Management Program ឆ្នាំ២០១៩ និងការពង្រីកកម្មវិធី TVET-CAMPUS ដែលវិទ្យាស្ថាន NPIC បានចូលរួម។

លោករដ្ឋមន្រ្តី​បានសម្តែងនូវអរគុណចំពោះវិទ្យាស្ថាន ដែលបានស្វាគមន៍គណ:ប្រតិភូកម្ពុជា ​ដែលបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថាននេះ​ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកន្លងមក វិទ្យាស្ថានបានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិត លើការកសាងសមត្ថភាពដល់មន្រ្តីរាជការ​ និងគ្រូបច្ចេកទេសកម្ពុជាបានជាច្រើននាក់​។

ជាមួយនោះ លោករដ្ឋមន្រ្តីក៏បានគាំទ្រនូវការលើកឡើងទាំង៣ចំណុច របស់លោកសាកលវិទ្យាធិការ​ ជាពិសេសគម្រោង​ជំនួយអភិវឌ្ឍអន្តរជាតិ ODA ដែលវិទ្យាស្ថានកំពុងរៀបចំ​ស្នើសុំហិរញ្ញវត្ថុនេះ ពីរាជរដ្ឋាភិបាលកូរ៉េ​ និងបានស្នើសុំឱ្យសាកលវិទ្យាល័យ KOREATECHបន្តជួយកសាងសមត្ថភាពដល់មន្រ្តីរាជការ​ និងគ្រូបច្ចេកទេសកម្ពុជាបន្ថែមទៀត​ ព្រោះកម្ពុជាបច្ចុប្បន្នជាប្រទេសកំពុងមានការអភិវឌ្ឍ ដែលត្រូវការនូវធនធានមនុស្សបានកាន់តែច្រើនថែមទៀត៕