(ព្រៃវែង)៖ តាមការវាយតម្លៃជាបឋម ពីក្រុមការងាររៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨» បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃទី២ នៃសង្ក្រាន្ត ព្រៃវែង សង្កេតឃើញមានពុកម៉ែ បង-ប្អូន យុវជន-យុវនារី ទាំងនៅក្នុងខេត្តព្រៃវែង និងខេត្តផ្សេងៗទៀត និងរាជធានីភ្នំពេញ ប្រមាណជាង១៣ម៉ឺននាក់ បានមកដើរទស្សនា និងលេងកំសាន្ត ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។

មូលហេតុជាអាទិ៍ ដែលបណ្តាលឲ្យមានបងប្អូនប្រជាពលរដ្ឋ មកទស្សនាកំសាន្តព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង មានចំនួនច្រើនលើសលប់បែបនេះ គឺដោយសារតែព្រឹត្តិការណ៍នេះ នាំមកនូវភាពសប្បាយ រីករាយខ្លាំងដល់ពួកគាត់ ព្រោះមានកម្មវិធីជាច្រើនដូចជា៖

ការប្រឡងស្រីស្រស់ ប្រុសស្អាត, ប្រឡងចំរៀង, ប្រឡងបវរកញ្ញាវ័យចំណាស់, ការលេងរបាំ, ល្បែងប្រជាប្រិយគ្រប់ប្រភេទ, ការប្រកួតរកស្តេចអុកប្រចាំខេត្ត, ការបង្ហាញក្បាច់គុណល្បុក្កតោ, ការដង្ហែរក្បួនរបស់ ស.ស.យ.ក ស្រុក-ក្រុងទាំង១៣ ទូទាំងខេត្តព្រៃវែង, ការសំដែងសិល្បៈបុរាណ, ល្ខោនខោល, ល្ខោនស្បែកធំ, ល្ខោនបាសាក់, ចាប៉ី, អាយ៉ៃ, ការប្រគុំតន្ត្រី, កំប្លែង និងជាពិសេស ការលេងបាញ់ទឹក នៅតំបន់ត្រជាក់ចិត្តជាដើម។

បើតាមលោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានអះអាង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» ថា ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» នឹងមានភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ចូលរួមប្រមាណពី១៥ ទៅ២០ម៉ឺននាក់។ មូលហេតុដោយ យោងតាម ការទទួលបានពិសោធន៍សង្ក្រាន្ដ ឆ្នាំ២០១៧ នៅរមណីយដ្ឋានបាភ្នំ ដែលទទួលបានពី៨ម៉ឺន ទៅ១០ម៉ឺននាក់។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានលើកឡើងទៀតថា ខេត្តព្រៃវែង គឺជាខេត្ត ដែលកំសត់ជាងគេ ព្រោះមិនសូវមានសក្តានុពល ផ្នែកទេសចរណ៍ដូចខេត្ត ផ្សេងៗ ឡើយ ពោលគឺពឹងផ្អែក លើវិស័យកសិកម្មតែ១គត់។ ដូច្នេះរាល់បុណ្យទានម្តងៗ ក្រៅពីទៅវត្ត ប្រជាពលរដ្ឋហាក់បី ដូចជាមិនបានទៅកំសាន្ត នៅកន្លែងណាផ្សេងនោះទេ។

ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨»នេះ តំណាងរាស្រ្ត ស សុខា បានបញ្ជាក់ទៀតថា មានដាក់តាំងទូកប្រវែង៨៥ម៉ែត្រ មានមនុស្សចំណុះទូក១៧៩នាក់ ជាទូកបំបែកឯកត្តកម្ម នៅចំកណ្តាលផ្លូវ ដែលលេងភ្លើង ពណ៌ ដូចផ្លូវ PUB STREET អញ្ចឹងដែរ។

លោក ជា សុមេធី បានថ្លែងថា សង្ក្រាន្តព្រៃវែង មានស្តង់ពិពណ៌ជាតិ និងអន្តរជាតិចំនួន៣០០ស្តង់ ក្នុងនោះមានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពិធីសាសនា និងកម្មវិធីកំសាន្ត ជាច្រើនដូចជា៖ ការសម្តែងរបាំប្រពៃណី របាំទ្រុឌ របាំជូនពរ របាំឆៃយាំ នារីជាជួរ គោះត្រឡោក ក្ងោកប៉ៃលិន ស្បៃតូច ស្បៃធំ ការបង្កើតផ្ទះបុរាណខ្មែរ ការសម្តែងល្បុកត្តោ និងល្បែងកំសាន្តជាច្រើនទៀត។

ជាមួយគ្នានោះ អភិបាលខេត្តព្រៃវែងរូបនេះ ក៏បានអំពាវនាវដល់អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ពិសេសអាជីវករលក់ដូរ ចំណីអាហារ សូមមេត្តាកុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ដែលប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ជិតខេត្តព្រៃវែង មកទទួលអំណរឆ្នាំថ្មី និងមកលេងកំសាន្តក្នុង ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» នេះផងដែរ។

សូមជម្រាបថា ទាក់ទិនទៅនឹងកម្លាំងសន្តិសុខសម្រាប់ ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» នេះ គឺមានយុវជន តាមវិទ្យាល័យនានា ចំនួន៦០០នាក់ និងកងកម្លាំងជាង២០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ប្រជាពលរដ្ឋ និងត្រៀមកម្លាំង ដើម្បីសម្រួលចរាចរណ៍ ចំណតរថយន្ត សង្រ្គោះបឋម ឡានទឹក បញ្ជាការស្រាល និងកម្លាំងសំរាប់ សំអាតបរិស្ថាន៕