(កូរ៉េខាងត្បូង)៖ ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងមុខរបរ​ និងការងារ​ នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត​​-WorkNet​ ជាមួយលោកស្រី Kim Young Joo​ រដ្ឋមន្រ្តីក្រសួងមុខរបរ និងការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ ជាពិសេសកិច្ចសហការលើវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ (Arrangement for Cooperation) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងមុខរបរ និងការងារកូរ៉េ សម្រាប់គម្រោងស្តីពី «ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត​​-WorkNet»​ ដែលនឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ (NEA) នៃកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS)​ នៃសាធារណរដ្ឋកូរ៉េ​។

គម្រោងនេះមានរយៈពេល​៤​ឆ្នាំ​ និងមានគម្រោងថវិកាចំនួន ៣លាន​ ១សែនដុល្លារអាមេរិក​ ដោយអនុវត្តជា៣ដំណាក់កាល​ រួមមាន៖

ទី១៖​ ឆ្នាំ២០១៨​ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈ នៅប្រទេសកម្ពុជា​ និងសាធារណរដ្ឋកូរ៉េ​ ថវិកា​ ២សែនដុល្លារ។

ទី២៖ ឆ្នាំ២០១៩-២០២០​ ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស​ និង​ Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារ ការងារតាមអ៊ីនធើណេត-​WorkNet​ ថវិកា​ ២លាន​ ៧សែនដុល្លារ។

ទី៣​៖ ឆ្នាំ២០២១​ ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន​ និងវាយតម្លៃ​ ថវិកា​ ២សែន​ដុល្លារ។

បន្ទាប់មក ភាគីទាំងពីរក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់គម្រោងស្តីពី ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត​​-WorkNet​ ក្រោមបរិយាកាសរីករាយ​ និងស្និទ្ធស្នាល៕