(បន្ទាយមានជ័យ)៖ នៅ​ ថ្ងៃចន្ទ័២កើត​ ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០១៨​ ជាថ្ងៃវារ:ឡើងស័ក​ នាយឧត្តមសេនីយ័​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ ប្រធានកិតិ្តយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ បានចូលជាអធិបតីក្នុងពិធីស្រោចទឹកជូនលោកតា​ លោកយាយ​ នៅប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។

ក្នុងឱកាសនោះ​ ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ ពិធីងូតទឹកជូនចាស់ទុំព្រឹទ្ធាចារ្យ គឺដើម្បីការ តបគុណ​ ដឹងគុណដែលពួកគាត់បានបន្សល់ទុកនៅមរតកដ៏សំខាន់នោះគឺវប្បធម៌សាមគ្គីភាព​ ឯកភាព​ ពលិកម្ម​ ក្នុងបុព្វហេតុសន្តិភាព​ សេចក្តីសុខសាន្ត​ជូនដល់សង្គមជាតិ​ កូនចៅជំនាន់ក្រោយតរៀងរហូតមក​ និងលាងជម្រះនូវចិត្តសៅហ្មងអពមង្គលពីឆ្នាំចាស់ទាំងពួងឲ្យវិនាសសាបសូន្យនាំឱ្យចិត្តយើងស្ងប់​ហើយបំណងសំខាន់​របស់ឪពុកម្ដាយ​ ចាស់ព្រឹទ្ធាចារ្យគឺគ្មានអ្វីក្រៅពីចង់ ឃើញកូនចៅមានសេចក្តីសុខនិងរីកចម្រើនទៅមុខទេ​ ហើយពិតណាស់ឪពុកម្តាយ​ ចាស់ព្រឹទ្ធាចារ្យយើងពិបាកចិត្តឈឺចាប់បំផុតនៅពេលកូនចៅធ្វើអំពើផ្ដេសផ្ដាសនៅក្នុងសង្គមនាំទុក្ខដល់ខ្លួន​ឯងផ្ទាល់ និងក្រុមគ្រួសារ​ ក្នុងនោះមានបញ្ហាគ្រឿងញៀនដែលកូនចៅទាំងអស់គ្នាត្រូវតែចៀសឲ្យឆ្ងាយ​និងធានាថាមិនមានបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋានយើងឡើយ​ ។

ក្នុងឱកាសនោះ​ដែរ​​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ បានស្រោចទឹកដល់ព្រឹទ្ធាចារ្យ​ លោកយាយ​ លោកតា​ ប្រកបដោយទឹកចិត្តជ្រះថ្លាគោរពស្រឡាញ់ក្នុងនាមជាឪពុកម្តាយ​ និងជាគ្រូបាអាចារ្យ។​នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ​។

ជាមួយគ្នានេះ​​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ បានជូនពរឲ្យគ្រួសារអ្នកបន្ទាយមានជ័យសូមឲ្យសុខសប្បាយនិងសុវត្ថិភាពទាំងអស់គ្នាពេលត្រឡប់ទៅកាន់គេហដ្ឋាន​ កន្លែងធ្វើការ​ និងរៀនសូត្រវិញ​ "ថ្ងៃនេះ​ ថ្ងៃស្អែក​ គ្មានគ្រោះថ្នាក់ដោយសារចរាចរណ៍​ និងគ្រឿងញៀន​ "។