(សៀមរាប)៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានស្តីទីសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យពាណិជ្ជកម្ម លោក អ៊ុក ប្រជា បានគូសបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្កប់អត្ថន័យអប់រំប្រជាពលរដ្ឋឲ្យចេះស្រលាញ់អ្វីៗ ដែលជារបស់ជាតិ តាមរយៈការទាក់ទាញឲ្យមានការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីបរទេស ឲ្យបានជាអតិបរមា។

ការអះអាងរបស់ លោក អ៊ុក ប្រជា បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសដឹកនាំសមាជិក-សមាជិកា ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងជួបសំណេះសំណាល ជាមួយផលិតករ អាជីវករ និងពាណិជ្ជករខ្មែរ ដែលកំពុងលក់ដូរនៅក្នុងបរិវេណពិព័រណ៍ផលិតផលខ្មែរ ស្ថិតនៅប៉ែកខាងស្តាំខាងមុខ ជណ្តើរប្រាសាទអង្គរវត្ត។

បើតាម លោក អ៊ុក ប្រជា ការចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំពិពរ័ណ៍ផលិតផលខ្មែរក្នុងព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត គឺជាការចូលរួមលើកស្ទួយការអនុវត្តគោលនយោបាយជំរុញការនាំចេញ នៅនឹងកន្លែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកាលពីជាង ២ទសវត្សមុន ដើម្បីពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក សំដៅធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន កាត់បន្ថយការធ្វើចំណាកស្រុកធានានិរន្តរភាពវិស័យទេសចរណ៍ និងពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។

«ក្នុងនាម ស.ស.យ.ក វិស័យពាណិជ្ជកម្ម ខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្ស ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំពិពិរ័ណ៍ផលិតផលខ្មែរនៅទីនេះ ដើម្បីជួយជំរុញការអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ដែលផ្តោតសំខាន់លើការនាំចេញទំនិញតាមរយៈវិស័យទេសចរណ៍ សំដៅកាត់បន្ថយភាពក្រីក្រ និងពង្រឹងកំណើនសេដ្ឋកិច្ច» លោក អ៊ុក ប្រជា បានបន្ថែម។

សូមបញ្ជាក់ថា នេះគឺជាលើកទី ៦ហើយ ដែល ស.ស.យ.ក វិស័យពាណិជ្ជកម្ម បានចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សម្រាប់ពិព័រណ៍ឆ្នាំនេះ ក៏ទទួលបានការចូលរួមពីមន្ទីរពណិជ្ជកម្មរាជធានី-ខេត្ត អង្គការ សមាគម និងក្រុមហ៊ុនចំនួន ៧៧ និងមានស្តង់លក់ទំនិញជាច្រើនប្រភេទ ដើម្បីផ្តល់ជម្រើសផ្សេងៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលកំពុងប្រព្រឹត្តិទៅលើទឹកដីនៃខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី១៣ រហូតដល់ទី១៦ ខែមេសា ឆ្នាំ២០១៨៕