(ព្រៃវែង)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំនេះ ប្រជាពលរដ្ឋនៅទូទាំងខេត្ដព្រៃវែង បានបង្ហាញនូវក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ជាមួយសង្រ្កាន្ដព្រៃវែង ឆ្នាំ២០១៨ ដែលរៀបចំឡើង នៅក្រុងព្រៃវែង ដែលផ្តួចផ្តើមដោយលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

ពិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ឲ្យស្គាល់ពីអរិយធម៌​ វប្បធម៌ ការឆ្នៃប្រឌិតផលិតផលរបស់កូនខ្នែរ​​ ការលក់ផលិតផលនានានៅតាមស្តង់ មានការប្រគុំតន្រ្តី លេងល្បែងប្រជាប្រិយគ្រប់ប្រភេទផងដែរ។

សង្ក្រាន្តព្រៃវែង មានស្តង់ពិព័រណ៌ជាតិ និងអន្តរជាតិចំនួន៣០០ស្តង់ ក្នុងនោះ មានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពិធីសាសនា និងកម្មវិធីកំសាន្តជាច្រើនដូចជា៖ ការសម្តែង របាំប្រពៃណី របាំទ្រុឌ របាំជូនពរ របាំឆៃយាំ នារីជាជួរ គោះត្រឡោក ក្ងោកប៉ៃលិន ស្បៃតូច ស្បៃធំ ការបង្កើតផ្ទះបុរាណខ្មែរ ការសម្តែងល្បុកត្តោ និងល្បែងកំសាន្តជាច្រើនទៀត។

ទាក់ទិនទៅនឹងកម្លាំងសន្តិសុខសម្រាប់ ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» នេះ គឺមានយុវជន តាមវិទ្យាល័យនានា ចំនួន៦០០នាក់ និងកងកម្លាំងជាង២០០នាក់ ដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ប្រជាពលរដ្ឋ និងត្រៀមកម្លាំង ដើម្បីសម្រួលចរាចរណ៍ ចំណតរថយន្ត សង្រ្គោះបឋម ឡានទឹក បញ្ជាការស្រាល និងកម្លាំងសំរាប់សំអាតបរិស្ថាន។

សូមជម្រាបថា ពិធីបើកសង្ក្រាន្តព្រែវែង ធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចួលរួមពីមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕