(សៀមរាប)៖ នៅ​ក្នុង​តំបន់​ប្រារ​ព្ធពិ​ធី​បុណ្យ​អង្គរ​សង្រ្កាន្ត នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ២​០១៨នេះ ត្រូ​វជា​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យចូ​លឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានមកចូលរួមលេងកំសាន្ត សប្បាយក្នុងកម្មវិធី អង្គរសង្ក្រាន្ត ក្រោមការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់ របស់សមត្ថកិច្ច នៅគ្រប់គោលដៅទាំងអស់។

បើតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការការពារ ពិធីបុណ្យអង្គរសង្ក្រាន្ត បានឲ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌ លួចភ្ញៀវទេសចរបរទេស ២លើក បណ្ដាលឲ្យបាត់បង់ថវិកា សម្ភារ និងឯកសារមួយចំនួន នៅតំបន់ a2 (កំពុងធ្វើការស្រាវជ្រាវ) ដោយឡែកសភាពការណ៍គ្រោះថ្នាក់សង្គម ក្រឡាប់រទេះក្របី ១លើក បណ្ដាលឲ្យរបួស ២នាក់ (ក្នុងពិធីប្រណាំងរទេះគោក្របី)។

រីឯលទ្ធផលកិច្ចប្រតិបត្តិការវិញ សមត្ថកិច្ចនគរបាលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញចូលរួមពិធី អុជធូបទទួលទេវតាឆ្នាំថ្មី ក្នុងតំបន់ a1 a2 ប្រកបដោយសុវត្ថិភាព, បានទប់ស្កាត់ដោយឃាត់ខ្លួនមុខសញ្ញាលួច ៣នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត, បានទទួលបណ្ដឹងចំនួន ២ (ជនបរទេស១នាក់) ពាក់ព័ន្ធករណីជ្រុះបាត់កាបូបលុយ នៅតំបន់ a2 ដោយធ្វើការស្រាវជ្រាវ រកឃើញប្រគល់ជូនម្ចាស់វិញទាំង២នាក់។

ជាមួយគ្នានោះ បានសហការនៅគ្រប់គោលដៅប្រារព្ធពិធី ដើម្បីសម្រួលលំហូរចរាចរណ៍ និងបញ្ជៀសការកកស្ទះ ព្រមទាំងបានពង្រាយកម្លាំងត្រៀមអន្តរាគមន៍ ពេលមានហេតុការណ៍ កើតឡើងជាយថាហេតុ, បានចុះធ្វើការអប់រំណែនាំ ដល់អាជីវករដែលប្រកបមុខរបរលក់វត្ថុអនុស្សាវរីយ៍មួយចំនួន នៅតំបន់ a2 មិនឲ្យលក់វត្ថុ​អនុស្សាវរីយ៍ អាចប៉ះពាល់ដល់សន្តិសុខ (ជំពាមកៅស៊ូ ដាវសាមរ៉ៃ…) ក្នុង​អំឡុងពេលកម្មវិធីអង្គរសង្រ្កាន។

ក្នុងនោះផងដែរ ក៏បានចុះផ្សព្វផ្សាយអប់រំស្តីពី ការងារបង្ការ និងពន្លត់អគ្គិភ័យបានចំនួន ១៣០មូលដ្ឋាន និងបាន​ចែកខិត្តប័ណ្ណផ្សព្វផ្សាយ លេខទូរស័ព្ធទំនាក់ទំនងចំនួន ១៣០សន្លឹក ព្រមទាំងបានចេញ រថយន្តពន្លត់​ អគ្គិភ័យចំនួន ៥គ្រឿង ប្រើប្រាស់ទឹកចំនួន​ ១៧ឡាន បាញ់នៅតាមទីតំបន់កំសាន្តសប្បាយនានា (តំបន់ a2 និង a4) ដើម្បីកាត់បន្ថយកម្តៅ និងការហុយដី។

ដោយឡែកសភាពការបទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់សង្គម ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ដោយឡែក សមត្ថកិច្ចបានទទួល និងធ្វើការស្រាវជ្រាវ តាមបណ្តឹងរបស់ ភ្ញៀវទេសចរបរទេសចំនួន ៥នាក់ (​​ជនជាតិហូឡង់ដ៏ អង់គ្លេស បារាំង ម៉ាឡេស៊ី អេស្បាញ និងអូស្រ្តាលី) ពាក់ព័ន្ធករណីជ្រុះបាត់កាបូបលុយ-ទូរស័ព្ទ ១ករណី និងបាត់កាបូប ៥ករណី នៅភូមិសាស្រ្តក្រុងសៀមរាប៕