(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៨លើក បណ្ដាលឲ្យមនុស្សស្លាប់១៩នាក់, របួសធ្ងន់៣៩នាក់ និងរបួសស្រាល២០នាក់ ។

បើតាមរបាយការណ៍ខាងលើ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ គឺល្បឿន៩លើក, ប្រជែង៧លើក, មិនគោរពសិទ្ធ៧លើក,​ បត់គ្រោះថ្នាក់៥លើក,​ ស្រវឹង៣លើក, មិនប្រកាន់ស្ដាំ៥លើក, កត្ដាយាន១លើក និងងងុយដេក១លើក។

ដោយឡែករាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើន៖ ខេត្តកែប២លើក ស្លាប់២នាក់, កំពង់ចាម៣លើក ស្លាប់៣នាក់, កំពង់ធំ៣លើក ស្លាប់២នាក់, ក្រចេះ៣លើក ស្លាប់១នាក់, តាកែវ៤លើក ស្លាប់៣នាក់, ព្រះវិហារ២លើក ស្លាប់២នាក់, , និងបន្ទាយមានជ័យ២លើក ស្លាប់២នាក់។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត នឹងធ្វើដំណើរកម្សាន្ដតាមរមណីយដ្ឋានផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕