(ភ្នំពេញ)៖ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ដ៏ប្រពៃថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរទំាងក្នុង និងក្រៅប្រទេស មានសេចក្ដីអំណរសាទរយ៉ាងក្រៃលែងក្នុងការទទួលពរជ័យ សិរីមង្គលពីទេវតាឆ្នាំថ្មី ឆ្នាំច ព្រះនាងមហោទរាទេវី។ ពិធីទទួលទេវតាឆ្នាំថ្មីដ៏ប្រពៃនេះ យើងឃើញចែងជាក្បួនតម្រាទេវកថា ស្ដីពីការល្បងប្រាជ្ញារវាងកបិលមហាព្រហ្ម និងធម្មបាលកុមារ។ តើការល្បងប្រាជ្ញារវាងកបិលមហាព្រហ្មនិងធម្មបាលកុមារ មានអត្ថន័យយ៉ាង?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ហើយយើងឃើញផ្ដើមចេញពីការល្បងប្រាជ្ញារវាងកបិលមហាព្រហ្ម និងធម្មបាលកុមារនេះ គឺជាការសំដៅចង់ដឹងថា តើរវាងទេវៈនិងមនុស្ស នរណាពូកែជាងនរណា? មានន័យថាជាការភ្នាល់គ្នារវាងទេវៈនិងមនុស្ស «ក្នុងការដោះស្រាយបញ្ហាដោយប្រើបញ្ញាទល់និងបញ្ញា»នេះឯង។

បានសេចក្ដីថាបើថ្លែងពីធម្មបាលកុមារ ជាការសំដៅដល់មនុស្សយើងហ្នឹងឯង។ បើហេតុនេះចំពោះការចោទជាបញ្ហាក្នុងការដោះប្រស្នា ស្ដីពីសិរីសួស្ដីទំាងបីប្រការនេះ គឺបុព្វបុរសយើង ចង់ប្រាប់យើងថាយើងជាអ្នកដឹកនំា ឬអ្នកគ្រប់គ្រង បើទោះបីជាមានកិច្ចការពិបាកយ៉ាងណាយ៉ាងណីក្ដី កុំអស់សង្ឃឹម ឬពុំត្រូវដេកចំាស្លាប់តែមួយក្រទ្បានោះទេ គឺត្រូវរកវិធីដោះស្រាយផ្សេងៗទៀត។

លោក រត្ន័ សណ្ដាប់ បានបន្ដថាក្នុងន័យនេះ ទេវកថាដ៏ប្រពៃថ្លៃថ្លានេះ ក៏ប្រាប់យើងទៀតថាបើទោះជាយើងជាអ្នកដឹកនំា ឬអ្នកគ្រប់គ្រងខ្លំាងពូកែ ឬចេះដឹងបែបណាបែបណី យ៉ាងណាក្ដី គឺចំាបាច់យើងត្រូវចេះស្ដាប់គេស្ដាប់ឯង នូវរាល់មតិយោបល់ពីអ្នកប្រាជ្ញ បណ្ឌិត កវី ឬអ្នកស្រាវជ្រាវផ្សេងៗទៀត។ ជាក់ស្ដែងដូចយើងឃើញចុងក្រោយធម្មបាលកុមារ ទទួលជោគជ័យក្នុងការដោះស្រាយប្រស្នា ស្ដីពីសិរីសួស្ដីទំាងបីប្រការនេះ គឺបានមកពីការផ្ដល់ព័ត៌មាន(ប្រឹក្សា)ពីសត្វឥន្រ្ទីយ៍យ៉ាងដូចនេះឯង។

ពាក្យថា «ឥន្រ្ទីយ៍» បានន័យថា ឥន្រ្ទីយ៍អារម្មណ៍ជាការស្ដាប់នូវរាល់មតិយោបល់ ឬក៏ក្ដាប់នូវដំណឹង ឬព័ត៌មានផ្សេងៗ ដើម្បីធ្វើជាអាវុធទើបអាចឈ្នះលើខ្មំាងសត្រូវបាន។ ត្រង់ចំណុចនេះហើយ ជាទស្សនវិជ្ជាបុព្វបុរសខ្មែរបង្កប់ក្នុងទេវកថា ដ៏ប្រពៃថ្លៃថ្លាភ្ជាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង ហើយដែលខ្មែរយើងបានប្រកាន់យ៉ាង ភ្ជាប់ភ្ជួនតំាងបុរាណកាលរៀងមកនោះ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថាស្ថិតក្នុងន័យនេះផងដែរ ចំពោះការដែលកបិលមហាព្រហ្ម ព្រះអង្គបានកាត់ព្រះសិរិសា(ក្បាល)នេះទៀតសោត គឺចង់ប្រាប់យើងទៀតថា យើងជាខ្មែរត្រូវប្រកាន់ចិត្ដជាទេវៈ ពាក្យ«សច្ចៈ» ឲ្យជាប់ជានិច្ច គឺយុត្ដិធម៌ ស្មោះត្រង់ ទៀងត្រង់រវាងគ្នានិងគ្នាចេះជួយយកអាសាគ្នា ដោយមិនត្រូវភរភូតគ្នាទ្បើយ។ ពីព្រោះថាពាក្យ«សច្ចៈ» ហៅថាពាក្យ«ពិត»នេះគឺជាកត្ដាកំណត់ធ្វើឲ្យស្រុកទេសយើងមានសាមគ្គីភាពជាតិ ឯកភាពជាតិ និងសន្ដិភាពនេះឯង។
បើដូចនេះចំពោះការល្បងប្រាជ្ញាដូចយើងឃើញ «មនុស្សឈ្នះទេវៈ» ពីព្រោះមនុស្សជាអ្នកគ្រប់គ្រងផែនដី ជាអ្នកមានរូបរាងយ៉ាងពិតប្រាកដ រីឯទេវៈឥតមានរូបរាងនោះទេ។

ទន្ទឹមនិងនេះ បើមនុស្សគោរពតាមបណ្ដំទេវៈ គឺទេវៈ ប្រាកដជាជួយនិងផ្ដល់នូវពរជ័យសិរីមង្គលគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈយ៉ាងដូច្នោះដែរ។ ចំពោះបុណ្យចូលឆ្នាំថ្មី គឺជាថ្ងៃខណ្ឌឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ បើដូច្នេះដើម្បីខណ្ឌបានគឺយើងម្នាក់ៗក្នុងថ្ងៃនេះជុំរុះឧបទ្រុពចង្រៃអ្វីៗពីឆ្នាំចាស់ ហើយខិតខំធ្វើបុណ្យសន្សំកុសលក្នុងថ្ងៃឆ្លងឆ្នាំថ្មី ពិសេសធ្វើបុណ្យរំឭកព្រះគុណកតញូទៅដល់បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ បងប្អូនញាតិមិត្ដជិតឆ្ងាយទំាងទ្បាយ ដើម្បីឲ្យមានសិរីសួស្ដីនិងមានអាយុយឺនយូរតទៅមុខទៀត៕