(បន្ទាយមានជ័យ​)៖ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ ប្រធានកិតិ្តយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ បានចូលជាអធិបតី ក្នុងពិធីបើកសង្រ្កាន្ដបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ បានប្រារព្ធពិធីសែនក្រុងពាលី​ និងពូនភ្នំខ្សាច់​ សុំសេចក្តីសុខសប្បាយ​ជូនប្រជាពលរដ្ឋទាំងអស់ពិសេសប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ​។

ទាំងលោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ​ ម៉ាល័យ​ បានឲ្យដឹងថា​ សង្រ្កាន្តបន្ទាយឆ្មារឆ្នាំច​នេះ​ យើងរៀបឲ្យមានជាការលេងល្បែងកំសាន្ត​ប្រជាប្រីយ៍ខ្មែរ​ ទាញព្រត័​ ចោលឈូង​ បោះអង្គយ​ លាក់កន្សែង​ ​ កីឡាធ្លាក់ទឹក​ ប្រលងនារីឯកអាយុ៦០ឆ្នាំឡើង​ ឡើងសសរខ្លាញ់​ ប្រលងរាំថូន​ស្គដៃ។

លោក​ កែ​ គឹមយ៉ាន​ បានបន្ថែមជាពិសេសកាដូឆ្នាំថ្មី ឆ្នាំច សម្រាប់លោកតា លោកយាយអ្នកបន្ទាយឆ្នារ​ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ ដែលមកលេងកំសាន្តនៅប្រាសាទបន្ទាយឆ្មារ នឹងទទួលបាន អាហារបីថ្ងៃ ការព្យាបាលជំងឺដោយមិនគិតថ្លៃ ឃីតមួយកញ្ចប់ (គិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនរៀល)។​ តាមផែនការគ្រោងទុកនឹងមានលោកតា លោកយាយ ប្រមាណជា២,០០០ នាក់ដែលនឹងមកចូលរួម។

ឆ្លៀតក្នុងឱកាសនេះ​ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកស្រី ម៉ៅ​ ម៉ាល័យ​ បានសូមបួងសួងដល់គុណព្រះរតនត្រ័យ​ វត្ថុស័កសិទ្ធិទាំងអស់ក្នុងលោក​ និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសទេវតាឆ្នាំថ្មី​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស២៥៦២​ ព្រះនាម​មហោធរៈទេវី​ សូមជួយប្រសិទ្ធពរជ័យ​បវរមហាប្រសើរជូនដល់​បងប្អូនប្រជាពលរដ្ឋជាទីស្រលាញ់ទាំងអស់​ សូមប្រកបដោយពុទ្ធពរនិងពរប្រាំប្រការ​ គឺអាយុ​ វណ្ណៈ សុខៈ​ ពលៈ​ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕