(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ រួមជាមួយព្រះសុធម្មវង្ស ចឹក ចុន្ទ ព្រះអនុគណខណ្ឌដង្កោ និងជាចៅអធិការវត្តឧត្តមពោធិ៍ព្រឹក្ស ហៅវត្តស្លែង និងសប្បុរសជន ព្រមទាំងមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីស្រោចទឹក ចែកអំណោយជូនដល់លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារ។

អំណោយដែលត្រូវបានចែកជូនក្នុង០១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ក្រមា០១ និងថវិកា ១ម៉ឺនរៀល។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរ ចំពោះការលំបាករបស់បងប្អូននៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានខណ្ឌដង្កោយើង។

លោក នុត ពុធដារ៉ា បានបន្តលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិចេញពីសង្គ្រាម ឈានមករកការអភិវឌ្ឍន៍លើកគ្រប់វិស័យ។

កម្មវិធីចែកអំណោយ និងស្រង់ទឹកជូនចាស់ៗ នាថ្ងៃនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឈានមកដល់នាពេលខាងមុខ៕