(ក្រចេះ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង០៦៖១១នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រចេះ (F1) ដែលមានទីតាំងស្ថិតនៅ ភូមិកាប៉ូ សង្កាត់អូរឫស្សី រហូតដល់ភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

បើតាមអគ្គិសនីកម្ពុជា មូលហេតុដោយសារមានប្រជាពលរដ្ឋបានធ្វើការកាប់ដើមឈើរលំមកលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV) អាកាស។

តែទោះជាយ៉ាងណា ក្រោយមានហេតុការណ៍នេះ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៧៖០២នាទីយប់នេះ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕