(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានទទួលជួបប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ បន្ទាប់ពីសមភាគី បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពររួចមក លោកឧត្តមសេនីយ៍ទោ ឯម កុសល ​​បាន​ថ្លែងអំណរគុណដល់ប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៊ិញភឿក ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងនគរបាលខេត្តទាំងពីរ (កំពង់ចាម-​ប៊ិញភឿក)។

ទន្ទឹមនឹងនេះភាគីទាំងពីរ ក៏បានធ្វើការពិភាក្សាផ្លាស់ប្ដូរនូវបទពិសោធន៍ និងបានឯកភាពគ្នាបន្តនូវផែនការ នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ បន្តទៀតឲ្យមានប្រសិទ្ធភាព និងទទួលបាននូវ លទ្ធផលជោគជ័យជាវិជ្ជមាន ក្នុងការការពារសន្តិសុខជាតិ ដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងនូវរាល់ ឧបាយកលសកម្មភាពរបស់អនុភាពអមិត្តការ ប្រើប្រាស់ប្រទេសទាំងពីរ ដើម្បីធ្វើសកម្មភាព ភេរវកម្ម ឬធ្វើសកម្មភាពបំផ្លិចបំផ្លាញបង្កអស្ថេរភាព នយោបាយនិងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម របស់​ប្រទេសនីមួយៗផងដែរ​៕