(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅរាជធានី​ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តី​ថ្លែងការណ៍​មួយថា អាចនឹងមាន​ការបង្កៃ​​គ្រឿងផ្ទុះ នៅ​អំឡុងពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែរនាពេលខាង​មុខនេះ។ នេះបើតាម​ការបង្ហោះ​សារដោយ Facebook Page ផ្លូវការរបស់​ស្ថានទូតអាមេរិក នៅ​ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍ខាងលើ នាពេលពេលកន្លងមកនេះមានសេចក្តីរាយការណ៍ព័ត៌មានថា សកម្មជនមួយក្រុម ប្រហែលជាអាច​​​ប៉ុន​ប៉ងបង្កៃគ្រឿងផ្ទុះនៅក្បែររមណីយដ្ឋាន វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ឬក៏នៅតាមទីតាំងដែលជាគោលដៅសម្រាប់មនុស្សជួបជុំកម្សាន្តដទៃ​ទៀត របស់ទីក្រុងភ្នំពេញឬខេត្តសៀមរាម នៃប្រទេសកម្ពុជា នាអំឡុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់​​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ២០១៨។

ជុំវិញដំណឹង​ដ៏ភ្ញាក់ផ្អើលនេះ បុគ្គលិករដ្ឋាភិបាល​អាមេរិកទាំងអស់ ដែលបម្រើការ​នៅក្នុងប្រទេស​កម្ពុជា ត្រូវបានណែនាំ​ឲ្យបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់​នៅជុំវិញវត្តភ្នំ និងត្រូវប្រយ័ត្ន ប្រយែងជាប់​ជានិច្ច ចំពោះស្ថានភាព​ជុំវិញខ្លួនរបស់​ពួកគេ​ជាទូទៅតែម្តង។ សេចក្តីថ្លែងការណ៍​​ដដែលបាន​បន្ថែមយ៉ាងដូច្នេះថា «សកម្មភាព​ដែលត្រូវធ្វើនោះ គឺត្រូវមានភាព​ប្រុងប្រយ័ត្ន នៅតាមតំបន់​ដែលមានមនុស្ស​កកកុញច្រើន, ប្រសិន​បើ​​​ប្រទះ​ឃើញវត្ថុ​គេទុកចោល​គួរឲ្យសង្ស័យ ចាកចេញពីទីនោះ​ជាបន្ទាន់, តាមដាន​ការវិវត្តន៍ស្ថានការណ៍ថ្មីៗ​ពីប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក, និងត្រូវមានការ​​ប្រុងប្រយ័ត្នជាប់​ជានិច្ច​ចំពោះ​ស្ថានភាព​នៅជុំវិញខ្លួន»

កាលពីព្រឹកថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៨ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រងជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅក្រៅប្រទេសនោះ បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុម «សម សេរី» មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប ដើម្បីរំខានការលេងសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថា ផែនការលោកឯងពាក់ព័ន្ធថ្ងៃទី១២ នៅវត្តភ្នំ អ្នកឯងត្រូវប្រយ័ត្ន ខ្ញុំគ្រប់គ្រងសភាពការណ៍បានរួចមុនហើយ។ អាហ្នឹងមេក្បត់ជាតិមួយ សម សេរី កំពុងបញ្ជាមកឲ្យបង្កស្ថានភាពផ្ទុះ ខ្ញុំបានបញ្ជូនទៅឲ្យផ្នែកពាក់ព័ន្ធហើយ។ វាចងបង្កឲ្យមានសំឡេងផ្ទុះ ប៉ុន្តែផែនការរបស់អ្នកឯង ខ្ញុំបានចាប់យករួចមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយនិងនៅសៀមរាប»