(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ ទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តន៍តរៀងទៅ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមលំឱនកាយវាចាចិត្ត បួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមព្រះអង្គមេត្តាប្រោសប្រទាននូវព្រះសព្ទសាធុការពរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕