(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២នេះ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រី និងការសម្តែងដ៏អស្ចារ្យ និងប្លែក ជាលើកទីមួយ លើទឹកដី រាជធានីភ្នំពេញ ដែលសាធារណជនអាចទស្សនាដោយសេរី នៅសួនច្បារសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។

ព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំខ្មែរនេះ នឹងផ្តល់ឲ្យពុកម៉ែបងប្អូន នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ជាមួយការចូលរួមសម្តែង ដោយកំពូលតារាចម្រៀង និងតារាសម្តែងល្បីៗ ប្រចាំកម្ពុជាជាច្រើនរូប។

ព្រឹត្តិការណ៍ដ៏កក្រើកនេះ ជាការប្រគំតន្ត្រីធំទីមួយ ក្នុងរាជធានីភ្នំពេញ ដែលរៀបចំដោយណាហ្គាវើលដ៍ សហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីឲ្យពុកម៉ែបងប្អូន និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ បានរីករាយជាមួយវប្បធម៌ និងប្រពៃណីរបស់ខ្មែរ។

ពិធីបើក «ព្រឹត្តិការណ៍ប្រគំតន្រ្តី និងការសម្តែងអបអរបុណ្យចូលឆ្នាំខ្មែរ» នេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨ ដែលមានការសម្តែងរបាំប្រពៃណីខ្មែរ និងការសម្តែងអន្តរជាតិ ដ៏អស្ចារ្យជាច្រើន។

រូបតុក្កតាពោងខ្យល់ធំៗជាច្រើន នឹងត្រូវដាក់លម្អ នៅលើសួនច្បារសម្តេច ហ៊ុន សែន ដើម្បីឲ្យពុកម៉ែបងប្អូនអាចថតរូប ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិដើម្បីទុកជាអនុស្សាវរីយ៍។
រូបតុក្កតាពោងខ្យល់ធំៗដ៏ស្រស់ស្អាតទាំងអស់នោះ នឹងត្រូវតុបតែងជាមួយអំពូលភ្លើង ដ៏ស្រស់ស្អាតដែលរួមមាន៖ រូបសុនខ បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗ ស្រស់ស្អាត ជាច្រើនទៀត។

ជាពិសេសនៅថ្ងៃចុងសប្តាហ៍ នៅថ្ងៃទី២០ ដល់ ២២ មេសា ចាប់ពីម៉ោង ២រសៀល ដល់១១យប់ រៀងរាល់ថ្ងៃ នឹងមានការប្រគំតន្ត្រី និងការសម្តែងផ្ទាល់ពិសេស ដោយក្រុមរបាំអប្សរា ក្រុមភ្លេងជាតិ និងអន្តរជាតិ ការសម្តែងសៀក សុគន្ធ នីសា, ខេមរៈ សិរីមន្ត, ក្មេងខ្មែរ, យូរី, ពេជ្រ ថៃ, ជីដេវីដ កូនប្រុសទាំងបី របស់លោកព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ សុវត្ថិ សិរីវុឌ្ឍ) និងសិល្បករ-សិល្បការិនីជាច្រើនទៀត ។

លើសពីនេះទៅទៀត ពុកម៉ែបងប្អូន អាចមកទស្សនាការសម្តែងដ៏អស្ចារ្យ ដោយសេរីនៅ NABA ដែលជាសាលមហោស្រព ដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ ក្នុងប្រទេសកម្ពុជា នៅណាហ្គាទី២ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៥ មេសា ចាប់ផ្តើមពីម៉ោង ០៧៖៣០ យប់។ សូមនាំក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកមកទស្សនា និងប្រារព្ធបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅណាហ្គាវើលដ៍៕

ព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី ១៣ មេសា ដល់ ១៣ ឧសភា នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

សូមមកទស្សនា និងគាំទ្រតារាក្នុងដួងចិត្តរបស់អ្នកសម្តែងពីថ្ងៃទី ២០ ដល់ ២២ មេសា

ចូលរួមទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរដ៏អស្ចារ្យនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន