(ស្វាយរៀង)៖ Facebook Page របស់រដ្ឋបាលខេត្តស្វាយរៀង និង Account Facebook របស់នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវជនអនាមិក Hack យកទៅគ្រប់គ្រងហើយ និងបានប្រើប្រាស់ខុសច្បាប់។

ទាំងមន្រ្តីសាលាខេត្តស្វាយរៀង និងមន្រ្តីអាវុធហត្ថ សូមប្រកាសទាត់ចោលទាំងស្រុង និងមិនទទួលខុសត្រូវចាប់ពីថ្ងៃនេះតទៅ បើសិនជនអនាមិក បានយក Facebook ទាំងនេះទៅធ្វើអ្វីដែលផ្ទុយ ពីច្បាប់នោះ។

មន្រ្តីសាលាខេត្តស្វាយរៀង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះ «Page Facebook ផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបានផ្សព្វផ្សាយនូវសកម្មភាពផ្សេងរបស់ថ្នាក់ដឹកនាំខេត្ត នោះ ស្រាប់តែត្រូវគេ Hack យកទៅពាត់ហើយ ដូច្នេះបើសិនជនល្មើសយកទៅប្រើប្រាស់់តាមផ្លូវខុសច្បាប់ណាមួយនោះ ខាងរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ»

ជាមួយគ្នានេះ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ លោកអនុសេនីយ៍ទោ វ៉ឺង សារិន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏សូមប្រកាសដល់សាធារណជន និង មិត្តភ័ក្រទាំងឡាយ នៅក្នុង Facebook របស់លោកទាំងអស់ថា Account Facebook «veong sarin» ត្រូវជនអនាមិក យកទៅគ្រប់គ្រងប្រើ ក្នុងន័យទុច្ចរឹតបោកប្រាស់ ដោយឲ្យគេផ្ញើរលុយជាដើម។

លោកសូមប្រកាសថា «ខ្ញុំបាទសូមប្រកាស មិនទទួលខុសត្រូវចំពោះការហែកចូល របស់ជនអនាមិកដែលក្នុង Facebook ខ្ញុំឡើយ និងសូមឲ្យសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់»