(ក្រចេះ)៖ ប្រជាពលរដ្ឋប្រុសស្រីចំនួន៤នាក់ បានជួបហេតុការណ៍លិចទូកដឹកគ្រួស និងជំនៀរឈើ ក្នុងទឹកទន្លេមេគង្គ បណ្ដាលឲ្យបាត់បង់ទ្រព្យសម្បិត្តទាំងអស់ សល់តែជិវិតប៉ុណ្ណោះ​ នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ។

ស្រ្តីម្ចាស់ទូកឈ្មោះ ចន្ថា អាយុ៣៩ឆ្នាំ រស់នៅព្រែកពោ​ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ស្រ្តីរូបនេះ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គាត់ចេញទូកដឹកគ្រួស និងជំនៀរឈើមកពីភូមិឬស្សចារ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ រួមជាមួយក្មួយប្រុសចំនួន៣ទៀត លុះពេលធ្វើដំណើរ ដល់ចំណុចកើតហេតុខាងលើ ក៏បានរលត់ម៉ាស៊ីន រួចបានប៉ះជាមួយសាឡង់បូមខ្សាច់ ស្រាប់តែលិចម្ដងទៅ។

ស្រ្តីរូបនោះ បន្ដទៀតថា លុយកាក់ដែលបាត់បង់ ក្នុងការលិចទូកនោះមិនមានច្រើនប៉ុន្មានទេ ព្រោះគាត់បានទិញគ្រោះ និងទិញជំនៀរឈើដាក់ក្នុងទូករួចអស់ហើយតែលិចបាត់អស់តែម្ដងទៅ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ បានដើរកាត់មុខផ្ទះលោកចៅសង្កាត់ក្រគរ ដោយគ្មានអាវ គ្មានស្បែងជើង ខ្លួនទទឹកជោគ ហើយពេលនោះ លោក តោ ចាន់ណា ចៅសង្កាត់ បានហៅសួរនាំ ទើបបានទិញអាវឧបត្ថម្ភចំនួន៤អាវ ស្បែកជើងចំនួន៤គូ និងថវិកាចំនួន៥០០០០រៀល ដើម្បិធ្វើដំណើរទៅស្រុកកំណើតរបស់ក្មួយ ដែលរួមដំណើរជាមួយ នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ដើម្បីរកខ្ចី លុយបងប្អូន រកទិញទូកវិញ៕