(អាហ្វ្រិក)៖ ក្រសួងការពារជាតិអាល់ហ្សេរី នៅថ្ងៃពុធនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះយោធា​​មួយគ្រឿងនៅក្បែរព្រលាន​យន្តហោះ នៅឯភាគខាងជើងនៃប្រទេស បានកើនដល់២៥៧នាក់ហើយ។ នេះបើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik ​ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

យន្តហោះ​ខាងលើនេះ ត្រូវបានអាជ្ញាធរ​អាល់ហ្សេរី​អះអាងថា ជាប្រភេទ Il-76 បានធ្លាក់នៅ​ក្បែរព្រលាន​យន្តហោះ នៃទីក្រុង ប្លីដា (Blida) ក្នុងខេត្ត បួហ្វារីក (Boufarik) កាលពី​វេលាម៉ោង ៨៖០០នាទីព្រឹក ម៉ោងនៅទីក្រុង​អាល់ជីស។ ក្រោយកើតហេតុ​ភ្លាមៗ​ ក្រុមសង្គ្រោះបាន​បញ្ជូនសមាជិក ១៣០នាក់ និង​រថយន្តពេទ្យ១៤គ្រឿង ព្រមទាំង​រថយន្តដឹក​ទំនិញ១០គ្រឿង ទៅកាន់កន្លែងកើត ហេតុ ប៉ុន្តែពុំមានមនុស្ស​ណាម្នាក់នៅរស់ ឬក៏រងរបួសនោះ​ឡើយ។

ដោយឡែក​សម្រាប់​មូលហេតុ ដែលបង្កគ្រោះថ្នាក់​ដ៏អកុសល្យនេះ​ឡើង គឺមិនទាន់មាន​ការបញ្ជាក់នោះ​ឡើយ ហើយនេះអាចនិយាយ បានថាជាគ្រោះថ្នាក់ធ្លាក់យន្ដហោះសម្លាប់មនុស្សច្រើនជាងគេបំផុត បន្ទាប់ពីការធ្លាក់យន្ដហោះ MH17 នៅភាគខាងកើតប្រទេស អ៊ុយក្រែន ដែលសម្លាប់មនុស្ស២៩៨នាក់ កាលពីខែកក្កដា ឆ្នាំ២០១៤៕