(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំឲ្យមានការសម្ដែងរបាំងត្រុដិ​ ដើម្បីបណ្តេញចេញនូវឧបទ្រុបចង្រៃឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឲ្យនាំមកនូវសិរីសួស្តី សុភមង្គល និងភាពសុខដុមរមនាដដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់។

ពិធីនេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមវត្តមាន​ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានចូលរួមពីមន្ដ្រីនគរបាលជាតិជាច្រើនរូបផងដែរ។
សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ០៩៖១២នាទី។

១៖ ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម
២៖ ទ្រង់គ្រឿងលម្អ និងផ្កាឈើ
៣៖ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត
៤៖ ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)
៥៖ សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍
៦៖ ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕