(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ សាលារាជធានីភ្នំពេញ នឹងចាប់ផ្តើមបញ្ចេញរថយន្តដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយឥតគិតថ្លៃហើយ។ ប្រជាពលរដ្ឋដែលអាចជិះរថយន្តដោយឥតគិតថ្លៃនេះ រួមមានប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១, ៣, ៤,​ ៥ និងលេខ៦។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈសរុបប្រមាណ ៦០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ការដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនេះ ធ្វើឡើងមុនចូលឆ្នាំពីរថ្ងៃ គឺថ្ងៃទី១២ និង១៣ ហើយក្រោយពេលចូលឆ្នាំពីរថ្ងៃទៀត គឺថ្ងៃទី១៧ និង១៨។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចដាក់រថយន្ដក្រុងសាធារណៈដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏ព្រោះតែចង់​បន្ថយការចំណាយប្រាក់របស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត ខណៈដែលក្រុមហ៊ុនដឹកអ្នកដំណើរឆ្លៀតឱកាសដំឡើងថ្លៃក្នុងរដូវនេះ។

បងប្អូនប្រជាពលរដ្ឋអាចឡើងរថយន្តក្រុងសាធារណៈនៅតាមទីតាំងដូចខាងក្រោមនេះ៖

* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។

* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

* ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕​​